(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការទាំងអស់របស់ព្រឹទ្ធសភា បានផ្ញើសាររំលែកមរណទុក្ខគ្រួសារសព លោក ស៊ើយ កែវ សមាជិកព្រឹទ្ធសភា ដែលទទួលមរណភាព ដោយរោគាពាធ នាវេលាម៉ោង០៨៖៤៥នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ក្នុងជន្មាយុ៨៤ឆ្នាំ។

ក្នុងសាររំលែកទុក្ខនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញក្តីសោកសង្រែងថា មរណភាពរបស់លោក ស៊ើយ កែវ សមាជិកព្រឹទ្ធសភា គឺជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឆ្នើម១រូប ដែលបានលះបង់ប្រាជ្ញា ស្មារតី កម្លាំងកាយចិត្ត និងហ៊ានបូជាជីវិត ក្បុងបុព្វហេតុតស៊ូរំដោះ ប្រទេសជាតិ ប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានសូមសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំចូលរួមរំលែកទុក្ខ ដោយក្តីសោកស្តាយអាឡោះអាល័យបំផុត ជាមួយមរណភាព លោក ស៊ើយ កែវ សមាជិកព្រឹទ្ធសភា និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ស៊ើយ កែវ ទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕