(កំពង់ចាម)៖ អនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជំរុញឲ្យមានវិធានការបង្ក្រាបសកម្មភាពគ្រឿងញៀន កម្លាំងនគរបាលខេត្តកំពង់ចាម បានបន្ដប្រតិបត្តិការត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបរ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនៅយប់មិញនេះ លោកបានបញ្ជាកម្លាំងអនុវត្តនៅ២គោលដៅផ្សេងគ្នា ដោយមួយគោលដៅនៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ស្គន់ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ដោយឡែក មួយគោលដៅទៀត នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ ផ្លូវខេត្តលេខ៦០ ស្ថិតនៅភូមិទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ សហការជាមួយជំនាញ ការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ជំនាញស្រុកជើងព្រៃ និងជំនាញស្រុកព្រៃឈរ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលនៃការចុះត្រួតពិនិត្យ កម្លាំងជំនាញបានត្រួតពិនិត្យរថយន្តចំនួន១០៣គ្រឿង ម៉ូតូចំនួន០៩គ្រឿង ធ្វើតេស្តទឺកម៉ូតសរុប១១២នាក់ ក្នុងនោះរកឃើញ១៣នាក់ មានសារធាតុញៀនជាប់ខ្លួន។
លោកស្នងការបានបញ្ជាក់ថាទៀតថា នៅយប់មិញនេះ បន្ទាប់ពីពិនិត្យឃើញសារធាតុញៀនលើអ្នកបើកបរហើយនោះ កម្លាំងជំនាញក៏បានឃាត់រថយន្ត រក្សាទុកបណ្តោះអាសន្នចំនួន០៧គ្រឿង, ម៉ូតូចំនួន០៣គ្រឿង និងដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន០១កញ្ចប់, ទូរស័ព្ទដៃចំនួន០២គ្រឿង និងពូថៅ០១ដើម បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕