(ភ្នំពេញ)៖ ក្នុងចំណោមជនរងគ្រោះ១៣នាក់ក្នុងហេតុការណ៍ផ្ទុះហ្គាសនៅក្នុងក្រុងសៀមរាបកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩កន្លងទៅនោះ មានជនជាតិបរទេសពីររូបផងដែរ។ នារីជនបរទេសទាំងពីររូបនេះ ត្រូវបានម្ចាស់គណនី Facebook ឈ្មោះ «Then Sro Tom» លើកឡើងថា ពួកគេតែងតែបង្ហាញការស្រឡាញ់ជាប់ចិត្តជាមួយប្រទេសកម្ពុជា ដោយសារនៅកម្ពុជាសប្បាយរីករាយ និងមានសុវត្ថិភាព។
តែជាអកុសលនារីជនបរទេសទាំងពីររូប ត្រូវបានភ្លើងឆេះរោលរាលពេញមុខ និងដងខ្លួនផងដែរក្នុងហេតុការណ៍ផ្ទុះហ្គាសនៅក្រុងសៀមរាបនាពេលកន្លងទៅនេះ។
យោងតាមម្ចាស់គណនី Facebook «Then Sro Tom» បានឱ្យដឹងថា នារីជនបរទេស១រូប ត្រូវបានគេបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងទីក្រុងបាងកកប្រទេសថៃ ដោយសារតែរូបគេមាន ធានារ៉ាប់រង។ ដោយឡែកនារី១រូបផ្សេងទៀត មិនមានធានារ៉ាប់រងនោះទេ ហើយត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ តែដោយឃើញនៅមន្ទីរពេទ្យកាល់ម៉ែត (កន្លែងសង្គ្រោះបន្ទាន់) មានអ្នកជំងឺច្រើនពេក ជនរងគ្រោះត្រូវបានសាច់ញាតិរបស់ខ្លួនបញ្ជូនបន្តទៅកាន់មន្ទីររ៉ូយ៉ាល់អង្គរវិញ ពោលមិនបានចូលសម្រាក និងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតនោះទេ។
ដោយឡែកអ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរថា នារីជាជនជាតិបរទេសកំពុងសម្រាកព្យាបាលរបួសនៅកម្ពុជានេះ មានការខ្វះខាតខ្លាំង។ ម្ចាស់គណនី Facebook រូបនេះ បានបង្ហាញគម្រោង Live វីដេអូស្វែងរកថវិកាជួយព្យាបាលដល់នារីរងគ្រោះរូបនេះថែមទៀតផង។
បើតាមការរៀបរាប់របស់អ្នកនាង ចន ច័ន្ទលក្ខិណា និងម្ចាស់គណនី Facebook ខាងលើនេះ គេមិនទាន់ឃើញមានមន្ត្រីពាក់ព័ន្ធរបស់កម្ពុជារូបណាបានចេញយកអាសា ឬជួយសម្របសម្រួលការព្យាបាលរបស់នារីរងគ្រោះទាំងពីរនៅឡើយនោះទេ។
មានមតិជាច្រើនចង់ឃើញមន្ត្រីខ្មែរដែលពាក់ព័ន្ធគួរចេញជួយសម្របសម្រួលដោះស្រាយការព្យាបាលនារីបរទេសដែលរងគ្រោះ ដើម្បីបង្ហាញពីស្មារតីយកចិត្តទុកដាក់របស់មន្ត្រីខ្មែរលើអ្នកទេសចររងគ្រោះក្នុងកំលុងពេលលេងកម្សាន្តនៅកម្ពុជា។ ការព្រងើយកន្តើយចំពោះភ្ញៀវទេសចរលេងកម្សាន្តនៅកម្ពុជាបែបនេះ អាចនឹងមានការវាយតម្លៃមិនល្អពីសំណាក់ភ្ញៀវទេសចរ៕