(ភ្នំពេញ)៖ បន្ទាប់ពីបានដំណើរការអស់រយៈពេលជាច្រើនខែដោយមិនទាន់មានការចាត់តាំងលើរបៀបរបបការងារច្បាស់លាស់នោះ នៅពេលនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំណត់នូវរចនាសម្ព័ន្ធ និងរបៀបរបបការងារឱ្យបានច្បាស់លាស់ហើយ។
អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចុះហត្ថលេខាដាក់ឱ្យអនុវត្តន៍នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។ អនុក្រឹត្យនេះមានចំនួន ៧ជំពូក និង១៤មាត្រា។
ក្នុងអនុក្រឹត្យដែល Fresh News ទទួលបាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា ការបង្កើតអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដើម្បីប្រសិទ្ធភាពនៃការងារព័ត៌មានជូនដល់សាធារណជនជាតិ និងអន្តរជាតិអំពីការងារ សមិទ្ធផល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងអនុក្រឹត្យបានបញ្ជាក់ផងដែរថា សមាសភាពរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានឥស្សរជនមួយរូបទទួលបន្ទុកលើកិច្ចការនាំពាក្យរាជរដ្ឋាភិបាលជាប្រធានអង្គភាព និងអ្នកនាំពាក្យតាមក្រសួងស្ថាប័ននីមួយៗជាអនុប្រធាន និងសមាជិក ដែលកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានទីប្រឹក្សា និងក្រុមជំនួយការ ហើយអនុប្រធាន និងសមាជិកត្រូវបំបេញការងារតាមការកំណត់របស់ប្រធាន។
ក្នុងមាត្រា៣ នៃអនុក្រឹត្យ បានកំណត់ឱ្យអនុប្រធាន និងសមាជិកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អាចអញ្ជើញឥស្សរជន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញផ្សេងៗទៀត ដើម្បីចូលរួមដោះស្រាយការងារ និងស្នើសុំកិច្ចសហការទៅតាមតម្រូវការចំបាច់ក្នុងវិស័យព័ត៌មាន។
ក្នុងអនុក្រឹត្យបានបញ្ជាក់ផងដែរពីតួនាទី និងភារកិច្ចរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ អង្គភាពនេះ មានតួនាទីស្នូលក្នុងការសម្របសម្រួលឱ្យមានឯកភាព ប្រសិទ្ធភាព សណ្តាប់ធ្នាប់ក្នុងកាតផ្តល់ និងការផ្សាយព័ត៌មានដែលពាក់ព័ន្ធនឹងសមិទ្ធផលការងារ និងគោលនយោបាយរាជរដ្ឋាភិបាល, ដឹកនាំ គ្រប់គ្រង និងធ្វើនិយ័តកម្មលើការផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់រាជរដ្ឋាភិបាល, សម្របសម្រួលជាមួយបណ្តាញសារព័ត៌មានផ្លូវការ និងបណ្តាញទំនាក់ទំនងសង្គមជាតិ និងអន្តរជាតិ និងលំហូរព័ត៌មានឱ្យមានប្រសិទ្ធភាព, ស្រាវជ្រាវ ប្រមូល ចងក្រងឯកសារពាក់ព័ន្ធនានាពីគ្រប់អង្គភាពព័ត៌មាននៃបណ្តាក្រសួងស្ថាប័ន, ពន្យល់ និងផ្សព្វផ្សាយអំពីប្រសិទ្ធភាពនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់បណ្តាញសារព័ត៌មាន ក៏ដូចជាសាធារណជន ដើម្បីចៀសវាងការបកស្រាយខុស ជាហេតុនាំឱ្យមានការវាយតម្លៃអវិជ្ជមានលើរាជរដ្ឋាភិបាល, រៀបចំសន្និសីទសារព័ត៌មាន សេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព, រៀបចំបណ្តុះបណ្តាល ពង្រឹងសមត្ថភាពជំនាញដល់សមាជិកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មន្ត្រីនាំពាក្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអនុវត្តតួនាទី និងភារកិច្ចផ្សេងៗទៀត តាមការប្រគល់ជូនរបស់រាជរដ្ឋាភិបាល។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានលេខាធិការដ្ឋានមួយជាសេនាធិការ មានទីតាំងនៅទីស្តីការគណៈរដ្ឋមន្ត្រី និងមាននាយកដ្ឋានចំណុះចំនួន៣រួមមាន៖ នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច, នាយកដ្ឋានកិច្ចការសាធារណៈ និងបណ្តុះបណ្តាល និងនាយកដ្ឋានព័ត៌មាន បណ្ណសារ និងបច្ចេកវិទ្យាឌីជីថល។
សូមបញ្ជាក់ថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធាន អមដោយអនុប្រធានចំនួន ៥រូប និងសមាជិក២៥រូបផ្សេងទៀត ដែលសុទ្ធតែជាអ្នកនាំពាក្យមកពីក្រសួងនានា។ អង្គភាពនេះ តែងតែបានធ្វើសន្និសីទព័ត៌មានឆ្លើយតបនឹងបញ្ហាសង្គមជារៀងរាល់ថ្ងៃព្រហស្បតិ៍៕