សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូន គ្រួសារយុទ្ធជន និងអតីតយុទ្ធជនពិការ ចំនួន ១១គ្រួសារ រស់នៅលើ ដីសម្បទាន ខេត្តឧត្តរមានជ័យ
(ឧត្តរមានជ័យ) ៖ នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារយុទ្ធជន និងអតីតយុទ្ធជនពិការ ចំនួន១១គ្រួសារ (គ្រួសារនីមួយៗទទួលថវិកា១លានរៀល) រស់នៅលើដីសម្បទាន ក្នុងចំណុចអូរអំបិល ភូមិអូរអំបិល ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីប្រកបមុខរបរបង្កបង្កើនផលប្រកបអាជីវកម្ម ខ្នាតតូច និងចិញ្ចឹមសត្វ។
បន្ថែមពីនេះ គ្រួសារនីមួយៗក៏ទទួលបានកង់១គ្រឿង សម្ភារសិក្សាមួយចំនួន សម្រាប់កូនៗបានសិក្សារៀនសូត្រផងដែរ ។
ក្នុងឱកាសចុះសួរសុខទុក្ខ និងផ្តល់ប្រាក់កម្ចីនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខការគិតគូរពីជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ ការថែទាំសុខភាព អនាម័យ ពិសាទឹកដាំឆ្អិន និងរស់នៅក្នុងបរិស្ថានស្អាត ជាពិសេសលើកទឹកចិត្តដល់គ្រួសារយុទ្ធជនទាំងអស់ឱ្យបន្តខិតខំពង្រីកមុខរបរ ដើម្បីលើលស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើនូវការកោតសរសើរដល់យុទ្ធជនជួរមុខទាំងអស់ ដែលបានលះបង់ពេលវេលាក្នុងការរស់នៅជួបជុំក្រុមគ្រួសារទៅបម្រើជាតិមាតុភូមិ រីឯភរិយារស់នៅផ្ទះខិតខំប្រកបរបរ និងពង្រីកមុខរបរចិញ្ចឹមកូន ដើម្បីអនាគតគ្រួសាររុងរឿង។
ទន្ទឹមនឹងនេះ សូមផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹងខ្ពង់ខ្ពស់មានសមត្ថភាពអាចបំពេញការងារបានល្អក្នុងសង្គម មានអនាគតភ្លឺស្វាង និងជួយដល់ជីវភាពគ្រួសារ។
គ្រួសារយុទ្ធជនទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ហើយបានជួយធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង ជាពិសេសធ្វើឲ្យភូមិថ្មីនេះ នឹងក្លាយជាសហគមន៍ដែល មានការអភិវឌ្ឍគ្រប់ផ្នែកនាពេលខាងមុខ ។
សូមបញ្ជាក់ថា សម្រាប់ខេត្តឧត្តរមានជ័យ ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់ប្រជាពលរដ្ឋសរុបចំនួន៥៤៤គ្រួសារ (ក្នុងនោះគ្រួសារពិការ៩៧គ្រួសារ) ដែលរស់នៅស្រុកអន្លង់វែង ក្រុងសំរោង និងស្រុកបន្ទាយអំពិល ដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កេីនជីវភាពរស់នៅឱ្យល្អប្រសើរឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់គ្រឿងទេស កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ។ល។
បច្ចុប្បន្ននេះ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនៅតាមស្រុកគោលដៅចំនួន១២ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តកណ្តាល៕