Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកបាទក្រហមកម្ពុជាសាខាខណ្ឌឫស្សីកែវ ចូលរួមរំលែកទុក្ខ និងយកអំណោយជូនមន្ដ្រីមូលដ្ឋាន ដែលភរិយាទទួលមរណភាព

16-08-2019 21:29

(ភ្នំពេញ)៖ ភរិយារបស់លោក ចាន់ សំអាន អនុប្រធានភូមិក្រោលគោ ក្រុមទី៩ និងភរិយាលោក ថាន់ សុត្ថា ប្រធានក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ដែលបានទទួលមរណភាពដោយរោគាពាធ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ទទួលបានគ្រឿងបរិភោគ និងថវិកា ក្នុងការចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំបំផុតពីក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាខណ្ឌ តំណាងលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាខណ្ឌ។

ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេង ខ្សឹបខ្សួល រំជួលចិត្តដ៏សែនក្រៀមក្រំ យ៉ាងក្រៃលែងនេះ ក្រៅពីចូលរួមបច្ច័យ និងគ្រឿងបរិភោគដល់ក្រុមគ្រួសារសព, លោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា តំណាងឲ្យលោក ជា ពិសី ព្រមទាំងមន្ត្រីក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវទាំងអស់ សូមចូលរួមរំលែកទុក្ខចំពោះមរណៈភាពរបស់លោកស្រី ញាន សុខា អាយុ៦៣ឆ្នាំ ភរិយាអនុប្រធានភូមិក្រោលគោ និងមរណៈភាពរបស់លោកស្រី ប៊ុត រ៉ុន អាយុ៦២ឆ្នាំ ភរិយាប្រធានក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗ ជាតិកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ លោក ចាន់ សំអាន អនុប្រធានភូមិក្រោលគោ ក្រុមទី៩ និងលោក ថាន់ សុត្ថា ប្រធានក្រុមទី៣ ភូមិបឹងឈូក សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាផ្ដល់សិរីសួស្ដី ជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លាជូនចំពោះលោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា ជាមួយក្រុមការងារកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវទាំងអស់ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដោយជួបតែនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕