(សិង្ហបុរី)៖ ក្រុមហ៊ុន Cellcard របស់អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ បានប្រកាស ពីការឈ្នះពានរង្វាន់ផ្ទួនៗគ្នាចំនួន៣ពី CMO អាស៊ី ក្នុងប្រទេសសិង្ហបុរី ២ផ្នែក លើពានរង្វាន់ Employer Brand Awards, ពានរង្វាន់ Best Marketing Campaign of the Year ប្រចាំឆ្នាំ និងពានរង្វាន់ Marketing Excellence Awards។

កម្មវិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ឯសណ្ឋាគារ Pan Pacific Hotel ប្រទេសសិង្ហបុរី ដែលជាកម្មវិធីមួយ នៃកម្មវិធីប្រារព្ធខួប១០ឆ្នាំរបស់ CMO អាស៊ី ក្រោមការ ចូលរួមជាកិត្តិយសពីអ្នកជំនាញផ្នែកទីផ្សារ និងម្ចាស់ម៉ាកផលិតផលល្បីៗរាប់រយនាក់។

ពានរង្វាន់ទាំងនេះ រួមមាន៖ ទី១៖ ពានរង្វាន់ Dream Company to Work For, ទី២៖ ពានរង្វាន់ Best HR Strategy in Line with Business និងទី៣៖ ពានរង្វាន់ Best Marketing Campaign for Super Data Race

នេះ គឺជាលើកទី៨ហើយ ដែលក្រុមហ៊ុន Cellcard បានឈ្នះពានរង្វាន់ Best Employer Awards នៅថ្នាក់តំបន់ ក៏ដូចជាពានរង្វាន់ថ្នាក់ជាតិកាលពីឆ្នាំមុន។ ពានរង្វាន់ The Marketing Campaign Award ត្រូវបានឈ្នះទៅលើកម្មវិធី Super Data Race របស់ក្រុមហ៊ុន Cellcard ដែលបានដាក់ឲ្យប្រើប្រាស់ក្នុងខេត្តចំនួន៤ នៃប្រទេសកម្ពុជា ក្នុងឆ្នាំនេះ និងបានទាក់ទាញអ្នកប្រើប្រាស់រាប់ពាន់នាក់។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានថ្លែងថា ពានរង្វាន់នេះ គឺជាការទទួលស្គាល់យ៉ាងធំបំផុត ដល់ក្រុមការងាររបស់លោក ដែលបានខិតខំប្រឹងប្រែងធ្វើការ ក្នុងការកសាងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Cellcard ឲ្យកាន់តែរីកចម្រើនសម្រាប់ទាំងបុគ្គលិក និងអតិថិជន។

លោក Ian Watson បានបញ្ជាក់ថា «ពានរង្វាន់ទាំង៣នេះ បានសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ ពីការពុះពាររបស់ក្រុមហ៊ុន Cellcard ក្នុងការតភ្ជាប់ និងកសាងជាមួយបុគ្គលិក និងអតិថិជនរបស់ខ្លួន»។ លោកថា «បុគ្គលិករបស់យើង ពិតជាមានមោទនភាពក្នុងនាមជាផ្នែកមួយនៃ Cellcard ហើយនេះ នឹងបង្ហាញពីការបម្រើអតិថិជន ប្រកបដោយការពេញចិត្ត មោះមុត និងការយកចិត្តទុកដាក់»