(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ធំ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលខេត្តកំពង់ធំ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបានក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដែលរៀបចំឡើងដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត រួមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់។
តាមរយៈវេទិកាសន្ទនានេះ អង្គការសង្គមស៊ីវិលបានស្វែងយល់និងជ្រួតជ្រាបកាន់តែច្បាស់អំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ តាមរយៈបទបង្ហាញរបស់តំណាងក្រសួងផែនការ ដើម្បីឈានទៅបង្កើតភាពជាដៃគូសហការកាន់តែជិតស្និទ្ធនិងមានប្រសិទ្ធភាពថែមទៀត ជាមួយភាគីពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសម្រេចបានតាមគោលដៅទាំង ១៨ចំណុច ប្រកបដោយជោគជ័យនៅឆ្នាំ២០៣០។ នៅក្នុងអង្គវេទិកានេះដែរ បញ្ហាប្រឈមនិងសំណូមពរជាក់ស្តែងមួយចំនួនដែលអង្គការសង្គមស៊ីវិលបានជួបប្រទះនាពេលកន្លងមក ត្រូវបានលើកយកមកពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាននិងរដ្ឋបាលខេត្តដោយត្រង់ទៅត្រង់មកនិងយ៉ាងផុសផុល ដើម្បីស្វែងរកដំណោះស្រាយសមស្របជាមួយគ្នា។
ថ្លែងក្នុងអង្គវេទិកាកាលពីព្រឹកមិញនេះ លោកប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់អង្គការសង្គមស៊ីវិល ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលកន្លងមក។ លោកបានគូសបញ្ជាក់ថា សមិទ្ធផលទាំងឡាយដែលអង្គការសង្គមស៊ីវិលសម្រេចបាន គឺជាសមិទ្ធផលរួមទាំងអស់គ្នាដែលសម្រេចបានដោយមានការចូលរួមចំណែកយ៉ាងសំខាន់ពីរាជរដ្ឋាភិបាល ក្នុងការធានាឱ្យមានសុខសុវត្ថិភាពនិងស្ថិរភាពទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច ក៏ដូចជាការសម្របសម្រួលគ្រប់បែបយ៉ាង ដើម្បីបង្កបរិយាកាសអំណោយផលសម្រាប់អង្គការសង្គមស៊ីវិល អាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងនិងបង្កើតភាពដៃគូដោយឆន្ទៈស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល និងផ្តល់តម្លៃចំពោះគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយភាពយល់ច្រឡំចំពោះគ្នា និងត្រូវបង្កើនកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងការលើកកម្ពស់ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងាររបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពផ្នែកនយោបាយ និងត្រូវអនុវត្តតាមតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់ជាធរមាន ដោយត្រូវធ្វើការចុះបញ្ជីនៅក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងការចុះបញ្ជីពន្ធដារឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានការអនុគ្រោះពន្ធក្នុងនាមអង្គការសង្គមស៊ីវិល។