(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នេះបន្ទាប់ពីកិច្ចសំណេះសំណាលជាមួយ ប្រតិភូមូលនិធិក្រសួងសាសនារបស់ប្រទេសទួកគី Turkiye Diyanet Foundation លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបន្តទទួលជួបប្រតិភូអឌ្ឍចន្ទក្រហមប្រចាំ ប្រទេសទូគី ដឹកនាំដោយលោក Fatih Aytekin។
កិច្ចពិភាក្សាផ្តោតសំខាន់លើការងារមនុស្សធម៌ សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងរវាងស្ថាប័នអឌ្ឍចន្ទក្រហមរបស់ប្រទេសតួកគី និងស្ថាប័នផ្សេងៗរបស់ប្រទេសកម្ពុជា ឲ្យកាន់តែស្អិតរមួត និងស៊ីជម្រៅថែមទៀត។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានទទួលស្វាគមន៍ដោយក្តីសប្បាយរីករាយ និងគាំទ្រសហការនូវរាល់សកម្មភាពមនុស្សធម៌របស់អឌ្ឍចន្ទក្រហមតួកគី ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការដោះបន្ទុកដល់ប្រជាជនកម្ពុជា ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិផងដែរ៕