Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ដកហូតទំនិញហួសថ្ងៃកំណត់៧មុខ ដែលដាក់លក់នៅផ្សារស្រែស្តុក

16-08-2019 18:08

(ពោធិ៍សាត់)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ ចុះផ្សព្វផ្សាយអប់រំ និងត្រួតពិនិត្យទំនិញ ម្ហូបអាហារ ដែលដាក់លក់នៅផ្សារស្រែស្តុក និងផ្ទះលក់ចាប់ហួយ នៅភូមិក្តីឈ្វិត និងភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយរកឃើញមានទំនិញចំនួន៧មុខ ហួសកាលបរិច្ឆេទ។

ទំនិញទាំងនោះមានចំនួន១៥៩,៥គីឡូក្រាម នៅផ្សារស្រែស្តុក ត្រូវបានដកហូតទុកដុតកម្ទេចចោលនៅពេលក្រោយ។

បន្ទាប់ពីចុះត្រួតពិនិត្យនៅផ្សារស្រែស្តុក រួចមកមន្ត្រីជំនាញ បានបន្តចុះពិនិត្យស្តង់តាំងពិព័រណ៍ ដែលដាក់លក់ ទំនិញម្ហូបអាហារ តាមបណ្តោយផ្លូវលេខ១០១ ទល់មុខសាលាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្ត ឱ្យដឹងថា ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើវិភាគបឋមរកសារធាតុគីមីហាមឃាត់ទៅលើប្រហិតសាច់គោដុំធំ, ប្រហិតសាច់គោដុំតូច, មឹក, បង្គារ, ណែម ដែលលទ្ធផល មន្ត្រីជំនាញរកពុំឃើញវត្តមានសារធាតុគីមីហាមឃាត់ទេ។

លោកប្រធានសាខាកាំកុងត្រូល បានបន្ថែមថា ក្នុងនោះក្រុមការងារក៏បានផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីសុវត្ថិភាព ម្ហូបអាហារដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ «Poster» ផងដែរ។

លោក តូច ចៅកុយ ក៏បានណែនាំអាជីវករ ឱ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរឱ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់៕