(ភ្នំពេញ)៖ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំសន្និបាត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងប្រធានសមាគម អាណត្តិទី២ របស់ខ្លួន។ សន្និបាតនេះ បានរៀបចំធ្វើឡើង នាសាលប្រជុំអង្គរវត្ត របស់ក្រសួងពាណិជ្ជកម្ម។
សន្និបាតនេះជាឱកាសមួយ ដើម្បីឲ្យសមាជិកសមាគម ទទួលបាននូវការចែករំលែកចំណោះដឹង អំពីលោក វ៉ា រុតសាន, លោក អប់ រ៉ាឌី និងលោក ស៊ឹម សត្តា ដែលជាមន្ត្រីជំនាញកម្មសិទ្ធិបញ្ញា ដែលមានបទពិសោធន៍ខ្ពស់ផងដែរ លើបរិបទនៃការ បង្កើតសមាគមការ សហការក្របខណ្ឌច្បាប់កម្មសិទ្ធិបញ្ញាជាតិ និងអន្តរជាតិ ជាពិសេសអត្ថប្រយោជន៍ នៃសិន្ធិសញ្ញាប៉េកាំង និងអនុសញ្ញាប៊ែន ដល់សមាជិកសមាជិការបស់ខ្លួនផងដែរ។
គួររំលឹកផងដែរថា សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ត្រូវបានចុះបញ្ជីនិង បង្កើតឡើងនៅឆ្នាំ២០១៦ ហើយនៅក្នុងអណ្ណត្តិទី១ សម្រាប់រយៈពេល៣ឆ្នាំមានលោក មេធាវី ពេជ អង្គ ជាប្រធានសមាគម និងមានក្រុមប្រឹក្សា ដែលដឹកនាំដោយលោកមេធាវី នី វិចិត្រ។
នៅក្នុងអាណត្តិទី១នេះ សមាគមបានរៀបចំសិក្ខាសាលាដោយខ្លួនឯង និងបានសហការជាមួយបណ្តាស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីផ្សព្វផ្សាយច្បាប់កម្មសិទ្ធិបញ្ញា និងពង្រឹងសមត្ថភាពភ្នាក់ងារកម្មសិទ្ធិបញ្ញាក៏ដូចជា បុគ្គលពាក់ព័ន្ធផ្សេងៗ ទៀត មានចំនួនច្រើនជាង ១៧លើក។
ក្រៅពីនេះ តំណាងសមាគមក៏បានផ្តល់បឋកថា ស្តីអំពីកម្មសិទ្ធិបញ្ញា ចំនួន០៦ដងផងដែរ នៅក្នុងកម្មវិធីដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាភូមិន្ទចៅក្រម វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង និងទំនិញក្លែងក្លាយ។
លើសពីនេះ សមាជិក-សមាជិការបស់សមាគម ក៏បានចូលរួមកិច្ចប្រជុំនានាជាច្រើន និងបានចូលរួមបកស្រាយនិងផ្សព្វផ្សាយច្បាប់កម្មសិទ្ធិបញ្ញាតាមកម្មវិធីទូរទស្សន៍នានា ក៏ដូចជាចូលរួមអភិវឌ្ឍន៍ច្បាប់និងសកម្មភាពដែល ជាប្រយោជន៍ដល់ការពារកម្មសិទ្ធិបញ្ញាក្នុងព្រះ រាជាណាចក្រកម្ពុជាផងដែរ។
នៅក្នុងអាណត្តិទី២នេះ បេក្ខជនឈរជាប្រធានសមាគមមានចំនួន២រូប ក្នុងនោះលោកស្រីមេធាវី សេង វួចហ៊ុន ត្រូវបានជ្រើសរើសជាប្រធានសមាគម។ ចំពោះក្រុមប្រឹក្សាភិបាលបេក្ខជនឈរឈ្មោះ មានចំនួន៩រូប ក្នុងនោះ៧រូបត្រូវ បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ដែលមានលោកភ្នាក់ងារកម្មសិទ្ធបញ្ញា ផែង ធា ជាប្រធាន៕