(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ បានជំរុញឱ្យរដ្ឋបាល និងប្រធានមន្ទីរនានា ក្នុងខេត្តកំពង់ស្ពឺ ធ្វើការសហប្រតិបត្តិការជាលក្ខណៈ អន្តរស្ថាប័ន ជាមួយនឹងវិស័យទាំងអស់ ដើម្បីជំរុញវឌ្ឍភាពផ្សេងៗ ក្នុងខេត្តកំពង់ស្ពឺ។

ការជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ហ៊ុន ម៉ានី ដឹកនាំប្រតិភូគណៈកម្មការ ជួបប្រជុំជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្ត រួមជាមួយនឹង លោកប្រធានមន្ទីរ នៃវិស័យទាំង៤ក្នុងបន្ទុកគណៈកម្មការ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ។

លោក ហ៊ុន ម៉ានី បានលើកឡើងទៀតថា «ក្នុងនាមជាអ្នកគ្រប់គ្រងការងារ ក្នុងមូលដ្ឋានផ្ទាល់រដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរទាំងអស់ ត្រូវធ្វើយ៉ាងណាសហការគ្នា ក្នុងការក្តាប់ស្ថានការណ៍ឱ្យបានជាក់ស្តែង រៀបចំរបាយការណ៍សកម្មភាព ឱ្យសុក្រិតកំណត់វាយតម្លៃពីប្រភព នៃបញ្ហាឱ្យបានច្បាស់លាស់ ហើយបន្តបំពេញការងារបម្រើប្រជាជនឱ្យបានសកម្ម និងមុតមាំបំផុត»។

លោក វ៉ី សំណាង អភិបាលខេត្ត ក៏បានរាយការណ៍ពីវឌ្ឍភាពក្នុងខេត្តកំពង់ស្ពឺ ដោយបានលើកឡើងថា តាមរយៈការអនុវត្តការងារស្របតាមគោលនយោបាយ ចតុកោណដំណាក់កាលទី៤ និងកំណែទម្រង់របស់រាជរដ្ឋាភិបាល ក៏ដូចជាការជ្រោមជ្រែង ដោយអ្នកតំណាងរាស្ត្រក្នុងខេត្តផ្ទាល់ ខេត្តកំពង់ស្ពឺ បានមានរីកចម្រើន និងការអភិវឌ្ឍយ៉ាងលេចធ្លោលើស្ទើរគ្រប់វិស័យ មិនចាញ់បណ្តាខេត្តផ្សេងៗ។

លោក វ៉ី សំណាង បានបន្ថែមថា «ប្រជាជនក្នុងខេត្តមានការទុកចិត្ត ចំពោះការអនុវត្តការងាររបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនេះ សមិទ្ធផលជាច្រើនដែលខេត្តកំពង់ស្ពឺទទួលបាននាពេលកន្លងមក សុទ្ធតែទទួលបានការអបអរសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋ»។

ក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ គណៈកម្មការទី៧ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យក្នុងខេត្តផ្ទាល់។

ជាក់ស្តែង វិស័យអប់រំបានសម្រេចនូវ សមិទ្ធផលយ៉ាងប្រសើរ ដោយទិន្នន័យនៃលទ្ធផលការប្រលង របស់សិស្សានុសិស្សថ្នាក់ទី១២កាលពីឆ្នាំ ២០១៨ បានបង្ហាញថា ៨៣.០៨ % នៃសិស្សទូទាំងខេត្តប្រលងជាប់ ដែលនេះធ្វើឱ្យខេត្តកំពង់ស្ពឺ ទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីសំណាក់មហាជន។

ទន្ទឹមនឹងភាពជោគជ័យក្នុងវិស័យអប់រំ លោក ម៉ាត់ សេត សមាជិកគណៈកម្មការ បានចាប់អារម្មណ៍លើអត្រា នៃការបោះបង់ការសិក្សា ដែលទាមទារឱ្យមានការពិនិត្យវាយតម្លៃ និងយកចិត្តទុកដាក់បន្ថែម លើយន្តការទប់ស្កាត់ ដើម្បីរក្សាស្ថេរភាពនៃការអភិវឌ្ឍធនធានមនុស្ស សម្រាប់ខេត្តកំពង់ស្ពឺ។

ឆ្លើយតបទៅនឹងកង្វល់ដែលបានលើកឡើង លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន កីឡា បាន ថ្លែងពីកត្តានាំឱ្យឪពុកម្តាយជំរុញឱ្យកូនបោះបង់ការសិក្សា ដើម្បីទៅធ្វើការរោងចក្រ ឬសហគ្រាសផ្សេងៗ។

លោកប្រធាន ក៏បានបង្ហាញពីការបំពេញការងាររបស់មន្ទីរ កន្លងមក ដោយលោកថ្លែងថា «យន្តការទប់ស្កាត់របស់មន្ទីរ គឺមិនមានអ្វីក្រៅពីការចុះណែនាំ និងផ្សព្វផ្សាយពីសារប្រយោជន៍ នៃការទទួលបានការអប់រំ ដល់អាណាព្យាបាលសិស្សដោយផ្ទាល់។ ជាមួយគ្នានោះ យើងក៏បានព្យាយាមបង្កើតនូវឱកាស និងបរិយាកាសសិក្សាល្អ ដើម្បីទាក់ទាញសិស្សមករៀនឱ្យបានទៀងទាត់។

ជាមួយគ្នានោះដែរ ក្រោយពីបានស្តាប់របាយការណ៍ របស់លោកប្រធានទេសចរណ៍ខេត្តកំពង់ស្ពឺ លោក សារី កោសល្យសមាជិកគណៈកម្មការ បានសម្តែងនូវការកោតសរសើរចំពោះ ការរៀបចំ និងគ្រប់គ្រងទីតាំងរមណីដ្ឋានផ្សេងៗ ក្នុងខេត្ត បើទោះបីជាខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍តិចប្រៀបធៀបទៅនឹងខេត្តផ្សេងៗ។

ទន្ទឹមនឹងនោះ លោកបានមានជាសំនួរពាក់ព័ន្ធ នឹងការងាររៀបចំវិធានការ និងគោលការណ៍គាំទ្រដល់សហគមន៍ទេសចរណ៍ យុទ្ធសាស្រ្តទាក់ទាញភ្ញៀវក្នុងស្រុក ជាពិសេសក្នុងខេត្តផ្ទាល់
ដើម្បីស្វែងយល់នូវបទពិសោធន៍ជោគជ័យ និងគំរូរបស់ខេត្តកំពង់ស្ពឺ ទៅចែករំលែកជាធាតុចូលដល់ខេត្តមូលដ្ឋានរបស់ឯកឧត្តមផ្ទាល់។

សូមជម្រាបថា កំពង់ស្ពឺ ជាខេត្តទី២៣ ហើយ ដែលគណៈកម្មការទី៧ បានចុះបំពេញបេសកកម្ម ដើម្បីស្វែងយល់ពីទិដ្ឋភាពជាក់ស្តែង ដែលកើតមានក្នុងខេត្ត បញ្ហាប្រឈម និងផែនការសកកម្មភាពបន្ទាប់៕