(បាត់ដំបង)៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បាននាំអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន ជនពិការ សរុបចំនួន ១៣១គ្រួសារ នៅភូមិចំនួន៦ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកបណ្ឌិត ប៊ុត គឹមស៊ាន បានសម្តែងនូវការនឹករលឹក និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ ជាមួយប្រជាពលរដ្ឋទាំងអស់ និងបាននាំមកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង និងសម្ភារ ប្រើប្រាស់ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ ជាពិសេសក្នុងទិវា ៨ឧសភា ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោកបណ្ឌិត ប៊ុត គឹមស៊ាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តប្រឹងប្រែងប្រកបរបរ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររៀងៗខ្លួន ឱ្យបានល្អប្រសើរ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គិតគូរពីសុខមាលភាពគ្រួសារ និងសង្គមដោយក្នុងនោះ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ពិសាទឹកដាំពុះមានអនាម័យ ក្នុងការរស់នៅសម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកសត្វមូស ដែលជាប្រភពនៃជំងឺគ្រុនឈាម-គ្រុនចាញ់ គេងក្នុងមុងជានិច្ច និងត្រូវទៅមន្ទីរពេទ្យ ជាបន្ទាន់ នៅពេលមានរោគសញ្ញានៃជំងឺឆ្លងណាមួយ ដើម្បីសង្គ្រោះជីវិតឱ្យបានទាន់ពេលវេលា។
លោកក៏បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ ហើយចំពោះស្ត្រីដែលមានផ្ទុកមេរោគអេដស៍ ត្រូវទៅពិនិត្យសុខភាព និងពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីស្វែងយល់ពីវិធីបង្ការ ការឆ្លងមេរោគពីម្តាយទៅកូន។ ជាមួយគ្នានេះ លោកបណ្ឌិត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមដោះស្រាយទប់ស្កាត់បញ្ហាគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភពនៃអំពើហិង្សាចោរកម្ម លួចឆក់ ប្លន់ ឬសម្លាប់មនុស្សទៀតផង។
ពិសេសក្មួយៗ នៅក្នុងស្រទាប់យុវជនជួយអូសទាញមិត្តភក្តិដែលដើរផ្លូវមិនល្អមកធ្វើអំពើល្អវិញ និងអាណាព្យាបាលទាំងអស់ត្រូវមើលថែកូនក្មួយ ឬចៅឱ្យបានល្អប្រយ័ត្នលង់ទឹក ឬជួបឧបទ្ទវហេតុផ្សេងៗ ដែលនាំឱ្យមានវិប្បដិសារីអស់មួយជីវិត ហើយសូមបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងគ្រោះធម្មជាតិនានា ដែលបង្កគ្រោះថ្នាក់ឡើងដោយការបម្រែបម្រួលអាកាសធាតុ និងធម្មជាតិ។
អំណោយដែលចែកជូនគ្រួសារនីមួយៗទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទវីឃែរ ចំណុះ ២០L ១ធុង ក្រមា១ អាវយឺត១ ចានបាយ៥ ចានសម្ល២ ទឹកស៊ីអ៊ីវ១ដប និងថវិកាមួយចំនួន ចំពោះអំណោយជាចានបាយចានសម្ល និងទឹកស៊ីអ៊ីវ ជាអំណោយរបស់ព្រះគ្រូចៅ
អធិការវត្តចន្ទមុនីសីហៈ ហៅវត្តបកិត៕