(ភ្នំពេញ)៖ លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា បើសិនជាយើងផលិតបានវត្ថុធាតុដើម ហើយនាំចេញយកទៅលក់តែម្តងនោះ វាមិនបានផលចំណេញច្រើននោះទេ តែបើសិនជាយើងកែច្នៃ ទៅជាផលិតផលសម្រេចវិញ ហើយធ្វើការនាំចេញនោះ គឺយើងនឹងអាចទទួលបានផលចំណេញមកវិញ បានច្រើនពីផលិតផលទាំងអស់នោះ។
លោក ហេង សុខគង់ បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងវេទិកាផ្គូផ្គូងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
វេទិកានោះក៏មានការចូលរួមពីលោក សំ សិរីរ័ត្ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឧកញ៉ា សុខ ដារ៉ា អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, លោក សៀង សុបញ្ញា ប្រធានស្តីទីសមាគមសហគ្រិនវ័យក្មេងនៅកម្ពុជា រួមទាំងវាគ្មិន និងអ្នកចូលរួមជាច្រើនទៀតផងដែរ។
លោក ហេង សុខគង់ បានថ្លែងថា បច្ចុប្បន្ននេះវិស័យកសិឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពរីកចំរើនឡើង និងមានសន្ទុះកើនឡើងខ្លាំងផងដែរ ហើយទទឹមនឹងសន្ទុះបានកើនឡើងនេះ ក៏នៅតែមានបញ្ហាខ្វះខាតមួយចំនួន ជាពិសេសនៅក្នុងការកែច្នៃវត្ថុធាតុដើម ឱ្យទៅជាផលិតផលសម្រេច។
លោកថា ការផ្គូផ្គងអាជីវកម្ម រវាងអ្នកផលិតវត្ថុធាតុដើម និងអ្នកកែច្នៃ គឺពិតជាមានសារសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាបន្ថែមនូវតម្លៃឱ្យបានកាន់តែច្រើនថែមទៀត ជូនដល់កសិករ ដើម្បីឱ្យគាត់រកចំណូលបានកាន់តែច្រើន ក្នុងនោះដែរបើសិនជាយើងផលិតបានវត្ថុធាតុដើម ហើយនាំចេញតែម្តង វាគឺពិតជាខាតបង់ច្រើនណាស់ ដោយឡែកបើសិនជាយើងផលិតបានហើយ យើងកែច្នៃខ្លួនឯងទៅជាផលិតផលសម្រេច ហើយធ្វើការនាំចេញ គឺវាមានផលចំណេញច្រើនតែម្តង។
លោក ហេង សុខគង់ បានបន្ថែមថា ជាក់ស្តែងផលិតផលស្រូវ បើយើងនាំចេញតែម្តង គឺមិនបានផលចំណេញច្រើននោះទេ តែបើសិនជាយើងកែច្នៃទៅជាផលិតផលផ្សេងៗវិញ គឺយើងនឹងបានផលចំណេញមកវិញបានច្រើនពីផលិតផលទាំងនោះ ហើយថែមទាំងបានតម្លៃបន្ថែមកាន់តែថ្លៃថែមទៀត។
លោកបន្ថែមថា ទាក់ទងនឹងផលិតផលកសិកម្មនេះដែរ ប្រទេសកម្ពុជាយើងបានធ្វើការជំរុញ និងព្យាយាមក្នុងការកែច្នៃជាច្រើនមកហើយ តែយើងនៅតែត្រូវការដៃគូមួយចំនួនទៀត ដែលពេលខ្លះយើងនៅតែត្រូវការបច្ចេកវិទ្យាក្នុងការផលិត។ ជាក់ស្តែងដូចជា ផលិតផលកៅស៊ូ អាចផលិតបានទៅជាកៅស៊ូក្រែប កង់កៅស៊ូ ដំបូលកៅស៊ូ និងអ្វីផ្សេងៗជាច្រើនទៀត ដែលចាំបាច់ណាស់ គឺយើងត្រូវការបច្ចេកវិទ្យា ដែលទាមទារឱ្យយើងត្រូវតែធ្វើការសិក្សាបន្ថែម និងជំរុញក្នុងការទាក់ទាញវិនិយោគិន ដែលគេមានច្ចេកវិទ្យាទំនើបៗ ធ្វើយ៉ាងណាឱ្យយើងអាចផលិត ទៅជាផលិតផលសម្រេចបាន។
មន្ត្រីក្រសួងឧស្សាហកម្មរូបនេះបានបន្ថែមទៀតថា ដើម្បីជួយដល់សហគ្រាសធន់តូច និងមធ្យម ឱ្យកាន់តែរីកចំរើនថែមទៀតនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការជាច្រើន ដូចជាអនុក្រឹត្យក្នុងការលើកលែងពន្ធ សម្រាប់ការចាប់ផ្តើមអាជីកម្មដំបូងរយៈពេល២ឆ្នាំ អនុក្រឹត្យលើកលែងពន្ធសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) ដែលក្នុងវិស័យអាទិភាពមួយចំនួន ដែលមានចន្លោះពី៣ឆ្នាំ ទៅ៥ឆ្នាំ និងការសម្រួលពន្ធគយផ្សេងៗទៀតជាច្រើនទៀតផងដែរ។
ឧកញ៉ា សុខ ដារ៉ា អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងដែរថា ក្នុងបរិបទនៃការប្រកួតប្រជែង និងការបើកទីផ្សារសេរី ទំនិញចេញចូលគ្រប់ប្រភេទ បាននឹងកំពុងដណ្តើមទីផ្សារផលិតផលកម្ពុជា ជាពិសេសផលិតផលចំណីអាហារ ដែលទាមទារនូវការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីផលិតករកម្ពុជា បើមិនដូចនេះទេ សូម្បីតែទីផ្សារក្នុងស្រុកផ្ទាល់ ក៏យើងមិនអាចរក្សាបានដែរ កុំថាឡើយទីផ្សារនាំចេញ។
លោក បន្ថែមថា ឈរលើភាពចាំបាច់នេះហើយ ទាមទារឱ្យសហគ្រាសកែច្នៃចំណីអាហារ និងអ្នកផលិត ផលិតផលកសិកម្ម អ្នកជំនាញ និងក្រុមហ៊ុនផ្គត់ផ្គង់ទំនិញ និងអ្នកផ្តល់សេវាផ្សេងៗ ត្រូវតែជួបពិភាក្សាគ្នា ធ្វើយ៉ាងណាជួយដល់ការផលិតឱ្យប្រកបដោយស្តង់ដារ និងគុណភាពខ្ពស់ ជាមួយនឹងការកាត់បន្ថយថ្លៃដើម ដើម្បីធ្វើយ៉ាងណា អាចបំរើដល់ការអភិវឌ្ឍអាជីវកម្មទៅថ្ងៃខាងមុខបាន និងត្រៀមខ្លួនបើកផ្លូវទៅរកការនាំចេញពេលអនាគតដ៏ខ្លីខាងមុខ។
ឧកញ៉ា សុខ ដារ៉ា បានបញ្ជាក់ទៀតថា ការរីកចម្រើនរបស់វិស័យកែច្នៃម្ហូបអាហារ និងផលិតផលកសិកម្ម វាមិនត្រឹមតែធ្វើឱ្យសហគ្រាសនីមួយៗ រកចំណូលបានច្រើនជាងមុននោះទេ តែថែមទាំងបានជួយបង្កើតនូវទីផ្សារឱ្យកាន់តែធំជាងមុន សម្រាប់ប្រជាកសិករផងដែរ ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុង ទៅលើការនាំចេញវត្ថុធាតុដើមពីប្រទេសជិតខាង ដែលនាំឱ្យបាត់បង់តំលៃបន្ថែមយ៉ាងច្រើននោះឡើង៕