(ភ្នំពេញ)៖ អនុស្សារណៈយោគយល់គ្នា (MOU) រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងសាកលវិទ្យាល័យពេទ្យ Soon Chun Hyang ដើម្បីបន្តការងារមនុស្សធម៌ ដើម្បីប្រជាពលរដ្ឋខ្មែរ ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA និងលោកសាស្ត្រាចារ្យ Run Jin Shin សាកលវិទ្យាធិការសាកលវិទ្យាល័យពេទ្យ Soon Chun Hyang នៅសណ្ឋាគារភ្នំពេញថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា អនុស្សារណៈយោគយល់គ្នា (MOU) រវាងស្ថាប័នទាំងពីរនៅពេលនេះ គឺបន្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់យើង ដែលកន្លងមកយើងបានចុះ MOU ជាមួយគ្នាបាន២លើកនៅកន្លែងផ្សេងគ្នា ពេលវេលាខុសគ្នា ប៉ុន្តែយើងរួមគ្នាដើម្បីសម្រេចគោលដៅរួមគឺដើម្បីជួយប្រជាពលរដ្ឋខ្មែរ។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA ក៏បានថ្លែងអំណរគុណសាកលវិទ្យាល័យពេទ្យ Soon Chun Hyang ដែលជាដៃគូដ៏ល្អរបស់TYDA ដែលកន្លងមក និងបច្ចុប្បន្នបានជួយព្យាបាល ប្រជាពលរដ្ឋទាំងក្នុងប្រទេស និងបានបញ្ជូនទៅព្យាបាលនៅប្រទេសកូរ៉េ បានទទួលជោគជ័យព្រមទាំងបានជួយបណ្ដុះបណ្ដាល អភិវឌ្ឍសមត្ថភាពក្រុមការងារសមាគមដើម្បី ជួយព្យាបាលប្រជាពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត សង្ឃឹមថាកិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរនៅតែបន្តទៀតដើម្បីការរីកចម្រើនរួមគ្នាជួយព្យាបាលប្រជាពលរដ្ឋ។
លោកសាស្ត្រាចារ្យ Run Jin Shin បានថ្លែងអំណរគុណលោកហ៊ុន ម៉ាណែត ដែលបានផ្ដល់ឱកាសឲ្យសាកលវិទ្យាល័យពេទ្យ Soon Chun Hyang ចូលរួមបេសកកម្មមនុស្សធម៌ជាមួយសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)។ លោកពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួម និងបន្តទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ។
សូមបញ្ជាក់ថា សាកលវិទ្យាល័យពេទ្យ Soon Chun Hyang បានចូលរួមសកម្មភាពជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដោយផ្ដោតលើសកម្មភាពចំនួន ៣សំខាន់ៗ ក្នុងនោះចូលរួមបេសកកម្មមនុស្សធម៌ ចុះព្យាបាលប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗ កិច្ចសហប្រតិបត្តិការនៅក្នុងការព្យាបាលករណីធ្ងន់ធ្ងរយកទៅព្យាបាលនៅក្នុងប្រទេសកូរ៉េ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្រុមការងារសមាគម៕