(ភ្នំពេញ)៖ បន្ទាប់ពីសាកសួរអស់រយៈពេលជិត ១ថ្ងៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ បុរសដែលបង្កើត Facebook ដោយប្រើរូប លោក ចៅ ប៊ុនហួន មេធាវីស្ម័គ្រចិត្តតេជោសែន ដើម្បីបោកប្រាស់អ្នកដទៃចំនួន ២ករណី។
លោក គុជ គឹមឡុង អ្នកនាំពាក្យ នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ នួន វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ឆបោក និងបទយកអត្តសញ្ញាណតតិយជនដោយប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍។ បន្ទាប់ពីចោទប្រកាន់ តំណាងអយ្យកាបានសម្រេចបញ្ជូន ជនត្រូវចោទទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីបន្ទនិតិវិធី។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ និងបានបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។
នាពេលកន្លងទៅ ជនសង្ស័យខាងលើនេះបានលួចរូបថត លោកមេធាវី ចៅ ប៊ុនហួន មេធាវីស្ម័គ្រចិត្តតេជោសែន យកទៅបង្កើតគណនី Facebook ដើម្បីបោកប្រាស់អ្នកដទៃរហូតដល់មាន គណនី Facebook ឈ្មោះ Chumteav Kolsokhom Tevi បានបង្ហោះរូបលោកមេធាវី និងសារមួយចំនួនទម្លាក់កំហុស មកលើលោកមេធាវី ដោយមិនដឹងមូលហេតុថែមទៀត។
ករណីនេះ លោកមេធាវី ចៅ ប៊ុនហួន មេធាវីស្ម័គ្រចិត្តតេជោសែនក៏បានជម្រាបជូនដល់ថ្នាក់ដឹកនាំទាំងអស់ និងសាធារណជនកុំឱ្យមានការភាន់ច្រឡំបន្ដទៀត ព្រោះអ្នកប្រើប្រាស់គណនី Facebook ទាំងនេះ បានក្លែងបន្លំរូបលោកតែប៉ុណ្ណោះ។
លុះនានៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៩ លោកមេធាវី ប៊ុន ហួន ក៏បានទៅដាក់ពាក្យបណ្តឹង ដើម្បីស្រាវជ្រាវរកជនបង្ក នៅនាយកដ្ឋានប្រឆ្នាំង បទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីឱ្យជួយស្រាវជ្រាវតែម្តង៕