(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់តាមរយៈ Facebook របស់ខ្លួនថា ហឹបវិញ្ញាសាសម្រាប់ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ ត្រូវបានដឹកជញ្ជូនទៅដល់រាជធានី-ខេត្ត គោលដៅទូទាំងប្រទេស ដោយសុវត្ថិភាពហើយ។
ក្រសួងអប់រំបានបញ្ជាក់ទៀតថា «ហឹបវិញ្ញាសាទាំងនេះ នឹងត្រូវបានរក្សាទុកប្រកបដោយសុវត្ថិភាព ក្រោមការពិនិត្យយ៉ាងហ្មត់ចត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដា នៃការប្រឡងប្រកបដោយប្រសិទ្ធភាពខ្ពស់»។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប២០២មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧មណ្ឌល មាន៤,៧២៥បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧,០២៤នាក់ ស្រី៦០,៤២១នាក់។ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ មាន១,៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២,៣៤១នាក់ ស្រី៣៥,១៣៦ នាក់ មាន២,៩១៥ បន្ទប់៕