(ប៉ៃលិន)៖ ប្រជាពលរដ្ឋក្រីក្រមកពីសង្កាត់ទាំងបួន ក្នុងក្រុងប៉ៃលិនចំនួន ២០០គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីក្រសួងកិច្ចការនារី តាមរយៈមន្ទីរកិច្ចការនារីខេត្ត នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៩នេះ ស្ថិតក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំ និងនាំយកអំណោយជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋណា ដែលក្រីក្រ មានជីវភាពខ្វះខាត ជាបន្តបន្ទាប់ និងមិនត្រូវបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់បាយមិនបានដឹង និងមិនបានដោះស្រាយនោះឡើង។
អភិបាលខេត្ត បានបញ្ជាក់ថា ជាក់ស្តែងនៅពេលនេះ អាជ្ញាធរខេត្តដោយមានការឧបត្ថម្ភរបស់ក្រសួងកិច្ចការនារី បាននាំយកអង្ករមកចែកជូន បងប្អូនភ្លាមៗ ទោះបីអំណោយជាអង្ករទាំងនេះ វាមិនអាចដោះស្រាយក្នុងជីវភាពបានយូរក្តី តែក៏អាចដោះស្រាយបានមួយរយៈដែរ ដើម្បីផ្តល់ឱកាសបងប្អូនមានពេលវេលាបង្ករបង្កើនផល និងប្រកបមុខរបរចិញ្ចឹមជីវិតបន្តទៀត។
លោក ផាន់ ចាន់ធុល ក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារដោយរដូវនេះ មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារ ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឱ្យក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់ពេលវេលា ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជនរួមរស់ជាមួយប្រជាជនគ្រប់កាលៈទេសៈ។
បើតាមរបាយការន៍របស់លោកស្រី ច័ន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារី ខេត្តប៉ៃលិន មានឱ្យដឹងថា អំណោយដែលចែកជូនបងប្អួន ប្រជាពលរដ្ឋនាពេលនេះ បានមកពីការឧបត្ថម្ភរបស់ក្រសួងកិច្ចការនារី ដែលដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី តាមរយៈមន្ទីរកិច្ចការនារី ខេត្តប៉ៃលិន ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ក ចំនួន ២០គឺឡូក្រាម៕