(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ប្រតិភូមូលនិធិក្រសួងសាសនារបស់ប្រទេសតួកគី Turkiye Diyanet Foundation (TDV) ដឹកនាំដោយលោក IBRAHIM JAIHANN បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា នៅឯការិយាល័យរបស់លោកផ្ទាល់នៅរាជធានីភ្នំពេញ។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការមូលនិធិ Turkiye Diyanet Foundation ដែលជារៀងរាល់ឆ្នាំតែងតែផ្ដល់ការយកចិត្តទុកដាក់នឹងឧបត្ថម្ភដល់ប្រជាជនកម្ពុជា។
លោកថា នេះគឺជាការចូលរួមចំណែកដ៏សំខាន់មួយជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដោះបន្ទុកខ្លះៗដល់បងប្អូនដែលមានការលំបាក ហើយសកម្មភាពទៀតសោត ក៏ជាសក្ខីភាពនៃការចែករំលែក ដែលបញ្ជាក់ពីភាតរភាពក្នុងនាមសាសនិកស្លាមនិងក្នុងនាមមនុស្សជាតិនៅក្នុងពិភពលោក។
ក្នុងនាមប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា លោកទេសរដ្ឋមន្ដ្រី មានការគាំទ្រ និងសហការជានិច្ច ជាមួយអង្គការមូលនិធិ Turkiye Diyanet Foundation បន្តទៀត លើការងារមនុស្សធម៌ និងការងារផ្សេងៗទៀត ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ក្នុងការឆ្លើយតបនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលមកលើសហគមន៍ឥស្លាមនៅកម្ពុជា ដែលមានចំនួន ៥ភាគរយ។
គួរបញ្ជាក់ថា ក្នុងរដូវបុណ្យហាជ្ជឆ្នាំនេះ អង្គការមូលនិធិ Turkiye Diyanet Foundation បានផ្ដល់សាច់គោ ចំនួន៣០០ក្បាល ដល់ប្រជាសហគមន៍ឥស្លាម ចំនួន១៩រាជធានី-ខេត្តទូទាំងប្រទេស ដែលមានប្រជាជនជាង១១,០០០ គ្រួសារបានទទួលសាច់គោនេះ ហើយឆ្នាំនេះ គឺជាឆ្នាំទី៧ហើយ ដែលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានសហការជាមួយអង្គការមូលនិធិ Turkiye Diyanet Foundation (TDV) ប្រទេសតួកគី លើការងារមនុស្សធម៌នៅកម្ពុជា។
ក្រៅពីការងារមនុស្សធម៌ផ្នែកម្ហូបអាហារ អង្គការដៃគូទាំងពីរក៏បានចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា ជាង៥ឆ្នាំមកហើយ ដែលសហការគ្នាលើ វប្បធម៌ អប់រំ ក្នុងនោះមានការសាងសង់សាលារៀន នឹងបញ្ជូនសិស្សអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសតួកគី ទាំងថ្នាក់វិទ្យាល័យនិងសាកលវិទ្យាល័យដែលជាការផ្ដល់អាហារូបករណ៍១០០ភាគរយ ទាំងការស្នាក់នៅ ហូបចុកនិងបង់ថ្លៃសាលាដោយអង្គការមូលនិធិ Turkiye Diyanet Foundation ដែលកន្លងមកមាននិស្សិតកម្ពុជា ចំនួន៨១នាក់ហើយ ដែលកំពុងបន្តការសិក្សានៅប្រទេសតួកគី៕