(កំពង់ចាម)៖ លោកទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងក្នុងសិក្ខាសាលាស្តីពី ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជា ពហុវិស័យរបស់គណៈកម្មាធិ ការប្រយុទ្ធនឹងជំងឺ អេដស៍ខេត្តកំពង់ចាម ឆមាសទី២ ឆ្នាំ២០១៩ថា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យធ្វើការប្រយុទ្ធនឹងជំងឺអេដស៍ទៅជាចរន្តជាតិ ខណៈយើងមានការបារម្ភ ដោយនិន្នាការកើនឡើងនៃការឆ្លងថ្មី។
ការថ្លែងបែបនេះរបស់ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រារព្ធធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្នុងសិក្ខាសាលាស្តីពី ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យ ខណៈសមាជិកចូលរួមនៅក្នុងសិក្ខាសាលារួមមាន ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ លោក ហាន កុសល អភិបាលរងខេត្ត ជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ខេត្ត លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ជាប្រធានលេខាធិការដ្ឋានអេដស៍ និងជាប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត តំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្តកំពង់ចាម តំណាងអង្គការសង្គមស៊ីវិល (AHF, MHC, KWWA, CWPD, PSOD & Spien) អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ប្រមាណជាង ៥០នាក់។
សិក្ខាសាលានេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាព និងសិក្សាស្វែងយល់អំពីស្ថានភាពប្រយុទ្ធនឹងជំងឺអេដស៍ជាពហុវិស័យ នៅថ្នាក់ ក្រោមជាតិ តាមរយៈការដាក់បញ្ចូលការងារ ប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឈានឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។
បន្ទាប់ពីលោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានឡើងថ្លែងសុន្ទរកថាស្វាគមន៍រួចមក លោកទេសរដ្ឋមន្រ្តីបានថ្លែងថា សម្តេចតេជោបានអំពាវនាវ ឱ្យធ្វើការប្រយុទ្ធនឹងជំងឺអេដស៍ ទៅជាចរន្តជាតិ។ យើងមានការបារម្ភដោយនិន្នាការកើនឡើងនៃការឆ្លងថ្មី។ តាមការកំណត់មុខសញ្ញាមានការកើន ឡើងនូវការឆ្លងមេរោគអេដស៍ ក្នុងចំណោមយុវវ័យដែលស្រឡាញ់ភេទដូចគ្នា ដោយសារការរួមភេទដោយមិនបានបង្ការការឆ្លង និងការរីកចម្រើននៃការទំនាក់ទំនងតាមកម្មវិធីទូរស័ព្ទ។
លោកទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ ជូនអង្គសិក្ខាសាលាថា កម្ពុជាត្រូវបានអង្គការ UNAIDS ទទួលស្គាល់ថា បានសម្រេចគោលដៅ ៩០-៩០-៩០ តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ យើងបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ តែជំនួយពីដៃគូអភិវឌ្ឍន៍ក៏មាននិន្នាការធ្លាក់ចុះ។ ដូច្នេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កំពុងគិតគូររៀបចំឱ្យមាននិរន្តរភាព ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដោយការចូលរួមបង្ការទប់ស្កាត់ជាពហុវិស័យ។ ថ្មីៗនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានអនុញ្ញាតឱ្យប្រធានអង្គការUNAIDS ចូលជួបដើម្បីពិភាក្សាអំពីការជួយ ដល់អ្នកជំងឺអេដស៍ផងដែរ។ ដូច្នេះ នៅពេលយើងលែងទទួលបានជំនួយពីខាងក្រៅ យើងអាចធានាបាននូវការបង្ការ ព្យាបាល និងថែទាំអ្នកជំងឺអេដស៍។
បច្ចុប្បន្ន មានអ្នកឆ្លងមេរោគអេដស៍ មានចំនួនលើសពី២នាក់ក្នុងមួយថ្ងៃ។ ឯអ្នកស្លាប់ដោយសារជំងឺអេដស៍មានជាង២០០០នាក់ក្នុងមួយឆ្នាំ។ យើងនឹងទម្លាក់ការងារប្រយុទ្ធនឹងជំងឺអេដស៍មក ដល់ឃុំសង្កាត់។ ជាមួយគ្នានេះនក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធចូលរួមបង្ការទប់ស្កាត់ តាមរយៈ ពេលចុះទៅជួបជាមួយប្រជាជន សិស្សានុសិស្ស បន្ថែមលើការនិយាយពីគ្រឿងញៀន និងចរាចរណ៍ អាចដាក់កម្មវិធីអេដស៍ចូលផង។ យើងនាំគ្នាចូលរួមបង្ការទប់ស្កាត់ តាមរយៈការឃោសនាអប់រំ។ មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចចូលរួមតាមរយៈការអប់រំបង្ការដល់យុវវ័យ សិស្សសាលា និងកម្មករ។ ចំពោះការឆ្លងមេរោគអេដស៍ លោកទេសរដ្ឋមន្ត្រីបានស្នើថា ក្នុងចំណោមអ្នកឆ្លងថ្មី យើងត្រូវសិក្សាមើលថាតើទើបឆ្លងថ្មី ឬឆ្លងយូរហើយ។ បើមានអ្នកឆ្លងថ្មីច្រើន នោះជាអ្វីដែលយើងត្រូវព្រួយបារម្ភ។ ជាមួយគ្នានេះ លោកបានស្នើឱ្យគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍ផ្តល់របាយការណ៍ឱ្យទាន់ពេលវេលា គ្រប់ជ្រុង ជ្រោយ និងចេះច្នៃប្រឌិតរកវិធីដោះស្រាយបញ្ហាអេដស៍ឱ្យបាន។
លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានលេខាធិការដ្ឋានអេដស៍ខេត្ត និងជាប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានធ្វើបទបង្ហាញអំពីការឆ្លើយតបនឹងមេរោគអេដស៍ នៅខេត្តកំពង់ចាម។ លោកប្រធានបានជម្រាបជូន អំពីវឌ្ឍនភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងប្តេជ្ញាខិតខំបង្ការទប់ស្កាត់ឱ្យទទួលបានជោគជ័យចំណាត់ថ្នាក់លេខ១ ដូចជាការផ្តល់សេវាសុខាភិបាលផងដែរ។ បន្តមក លោកវេជ្ជបណ្ឌិត ទា ផលា លោកវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ និងលោកវេជ្ជបណ្ឌិត តែង គន្ធី បានធ្វើបទបង្ហាញអំពីការកើនឡើង អត្រាឆ្លងមេរោគអេដស៍ក្នុងចំណោម ក្រុមបុរសរួមភេទជាមួយបុរស សួរបញ្ជាក់អំពីអត្រាការផ្តល់សេវា និងការឆ្លងថ្មី និងស្នើសុំឱ្យមានការចូលរួម ជាពហុវិស័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ដោយបច្ចុប្បន្នគឺនៅខ្វះការចូលរួម និងការផ្តល់របាយការណ៍ជាពហុវិស័យ។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានណែនាំ២ចំណុចថា៖
*ទី១៖ ការងារក្នុងវិស័យសុខាភិបាល (ធ្វើតេស្តឈាម ព្យាបាល និងថែទាំ) យើងបន្តទៅមុខទៀត។ រឿង PrEP (ការលេបថ្នាំបង្ការចំពោះអ្នកប្រឈមមុខខ្ពស់) សូមសហការគ្រប់គ្នាតាមមន្ទីរពេទ្យ។ ជាមួយគ្នានេះ សិក្សាឱ្យបានច្បាស់អំពីអ្នកឆ្លងថ្មី រកឱ្យឃើញនូវមូលហេតុ។
*ទី២៖ ការងារពហុវិស័យមានការយឺតយ៉ាវណាស់ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចូលរួម ដោយចាប់ផ្តើមធ្វើពីឥឡូវ ដោយធ្វើបន្តិចម្តងៗ យូរទៅយើងនឹងមាននិរន្តរភាព។ យើងនឹងសិក្សាអំពីកម្មវិធីដែលត្រូវធ្វើ៕