(ភ្នំពេញ)៖ សាលា លីសាប៊ែល អន្តរជាតិ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ បានប្រារព្ធពីធីប្រគល់រិញ្ញាបនបត្របញ្ជាក់ការសិក្សា សម្រាប់ថ្នាក់មត្តេយ្យសិក្សាចំនួន៣ភាសា ជូនដល់សិស្សានុសិស្ស ហើយក៏បានប្រកាសពង្រឹងសមត្ថភាពរបស់ខ្លួន ត្រៀមពង្រីកបើកសាខាថ្មីៗ ដើម្បីបម្រើដល់តម្រូវការអាណាព្យាបាលសិស្ស ដែលនៅតាមតំបន់នានា ក្នុងរាជធានីភ្នំពេញ។
ក្នុងពីធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សានោះដែរ លោកស្រី លឹម ម៉ារីណា ដែលជាអគ្គនាយក នៃសាលាលីសាប៊ែលអន្តរជាតិ បានថ្លែងឲ្យដឹងថា លោកស្រី និងបុគ្គលិក លោកគ្រូទាំងអស់ពិតជាមានការសប្បាយរីករាយបំផុត ដែលបានរៀបចំកម្មវិធីនេះឡើង ហើយបានជួបជុំក្នុងមហាគ្រួសារមួយដ៏ធំ និងកក់ក្តៅជាទីបំផុត នៃការចែកសញ្ញាបត្របញ្ចប់ការសិក្សាសម្រាប់ឆ្នាំ ២០១៨-២០១៩នេះ។
លោកស្រីបានបញ្ជាក់ថា «ថ្វីត្បិតតែសាលាយើងខ្ញុំ ទើបតែចាប់ផ្តើមដំណើរការ ក្នុងរយៈពេលដ៏ខ្លីពិតមែន តែលោកគ្រូអ្នកគ្រួរបស់យើង សុទ្ធតែមានបទពិសោធន៍ច្បាស់លាស់ ក្នុងការបង្រៀន និងមានគរុកោសល្យត្រឹមត្រូវយូរឆ្នាំ ហើយពួកគាត់ខិតខំអស់ពីសមត្ថភាព ដើម្បីថែរក្សាការពារបង្ហាត់បង្រៀនបុត្រធីតារបស់លោកអ្នក មិនដែលធ្វេសប្រហែសឡើយ មិនតែប៉ុណ្ណោះលោកគ្រូអ្នកគ្រួបានផ្តល់ភាពកក់ក្តៅ ក្តីស្រលាញ់ថ្នាក់ថ្នមដល់បុត្រធីតារបស់អស់លោកអ្នក អស់ពីសមត្ថភាព ទៅតាមជំនាញ វិជ្ជាជីវៈគរុកោសល្យល្អឥតខ្ចោះ របស់ពួកគាត់ផងដែរ»។
លោកស្រីបានបញ្ជាក់បន្តទៀតថា សាលាលីសា ប៊ែលអន្តរជាតិ នឹងខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីស្រាវជ្រាវនូវមេរៀនបន្ថែមថ្មីៗទៀត សម្រាប់ចំណេះដឹងទូទៅយកមកអប់រំដល់បុត្រធីតារបស់លោកអ្នក ឲ្យមានទម្លាប់ល្អដូចជាការរស់នៅស្អាត ចេះផ្តល់សេចក្តីស្រលាញ់ ស្មោះត្រង់រវាងមិត្តភក្តិក្នុងថ្នាក់ ក្នុងសាលា និងក្នុងសង្គមទូទៅ ជាពិសេសជាមួយនឹងក្រុមគ្រួសារឪពុកម្តាយបងប្អូនថែមទៀតផង។
លោកស្រីបានសង្ឃឹមផងដែរថា មាតាបិតាសិស្ស នឹងបន្តដំណើរការជាមួយគ្នា ដ៏យូរអង្វែងតទៅទៀត ព្រោះសាលាបានរៀបចំត្រឹមត្រូវ និងច្បាស់លាស់តាមតម្រូវការ ដោយបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា សិក្សាចំណេះទូទៅជាភាសាខ្មែរ, រួមជាមួយភាសាចិន និងភាសាអង់គ្លេស ដូច្នេះហើយដើម្បីទុកជាឱកាសដល់សាលាបានសាងនូវទំនុកចិត្ត ថែរក្សាបង្ហាត់បង្រៀនផ្តល់នូវចំណេះដឹងល្អៗជាមួយនឹងពួកគេរហូតឈានដល់ការបញ្ចប់ការសិក្សាដោយជោគជ័យ៕