(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ នាវេលាម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ បានឆ្មក់បង្ក្រាបទីតាំងអ៊ិនធឺណេត បង្កប់ល្បែងស៊ីសង ភ្នាល់បាល់១កន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងប្រត្ដិបត្ដិការបង្ក្រាបខាងលើនេះ ក្រោមការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញារង សុង ឆវ័ន និងដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ដោយលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌច្បារអំពៅ រួមជាមួយកម្លាំង នគរបាលប៉ុស្ដិ៍ច្បារអំពៅទី២។
បើតាមអាជ្ញាធរបានឲ្យដឹងថា ជាលទ្ធផលជាក់ស្ដែង ក្នុងការចុះបង្ក្រាប អាជ្ញាធរបានឃាត់មនុស្សប្រុស-ស្រី៤នាក់ ក្នុងនោះ អ្នកញៀនល្បែងចំនួន៣នាក់ រួមទាំងមេការស្រីម្នាក់ និងធ្វើការដកហូតទូរកុំព្យូទ័រ ជាច្រើនគ្រឿងផងដែរ។
អាជ្ញាធរបានបន្ដទៀតថា បន្ទាប់ពីគណៈបញ្ជាការឯកភាពចុះបង្ក្រាបរួច សម្ភារនិងមនុស្ស៤នាក់ បានយកមកកាន់សាលាខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕