(ស្ទឹងត្រែង)៖ រយៈពេល ៣ខែកន្លះ ក្នុងរដូវបិទនេសាទនាឆ្នាំ២០១៩នេះ ត្រីមេពូជគ្រប់ប្រភេទមិនតិចជាង ៧០% បានទំលាក់ពងរួចរាល់នៅក្នុងដែនទឹកធម្មជាតិ។
ក្នុងយុទ្ធនាការការពារត្រីមេពូជ ក្នុងរដូវបិទនេសាទនេះ សមត្ថកិច្ចចម្រុះដឹកនាំដោយមន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានបើកយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការអបរំផ្សព្វផ្សាយ យ៉ាងទូលំទូលាយ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលយ៉ាងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា រដូវបិទនេសាទនៅដែនទឹក នៃខេត្តស្ទឹងត្រែង គឺចាប់អនុវត្តពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។
លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ត្រីមេពូជគ្រប់ប្រភេទយ៉ាងហោចណាស់ចំនួន ៧០០តោន ត្រូវបានជួយសង្គ្រោះឲ្យរួចពីការ នេសាទ ដោយមងបណ្តែតធំៗ និងវែងគ្រប់ប្រភេទ ហើយបានធ្វើចរាចរណ៍ទៅពងកូនដោយសុវត្ថិភាព។
តែទោះបីជាយ៉ាងនេះក្តី នាយខណ្ឌជលផល បានសំដែងនូវការព្រួយបារម្មណ៍ជាខ្លាំង ចំពោះការប្រែប្រួលនៅទឹកទន្លេនាឆ្នាំនេះ ដែលពុំធ្លាប់មានពីមុនៗមក។ លោកបានបញ្ជាក់ថា «ប្រសិនបើរទឹកទន្លេនៅតែតិចដូចសព្វថ្ងៃនេះ នោះវានឹងប៉ះពាល់យ៉ាងខ្លាំងដល់ការបន្តពូជរបស់មច្ឆាគ្រប់ប្រភេទ»។
លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ចំពោះទឹកទន្លេមេគង្គ ទន្លេសេសាន និងទន្លេស្រែពក ពិតជាមានការប្រែប្រួលនូវរបបទឹកក្នុងទន្លេទាំងបួន នៅខេត្តស្ទឹងត្រែងប្រាកដមែន។
លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហានេះ កំពស់ទឹកទន្លេមេគង្គមានត្រឹមតែ ៥,១៣ ម៉ែត្រតែប៉ុណ្ណោះ។ លោកថា បាតុភូតអែលនីណូ (El Nino) វាបានជះឥទ្ធិពលយ៉ាងសម្បើម មកដល់ប្រទេស តាមដងទន្លេមេគង្គទាំងមូល ដែលធ្វើឲ្យមានការរាំងស្ងួត និងខ្វះទឹកស្ទើរគ្រប់តំបន់។
គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែង គឺជាខេត្តមួយដែលនៅសំបូរត្រីធម្មជាតិធំៗ និងកម្រៗ ដូចជា៖ ត្រីប៉ាស៊ីអី ត្រីរាជ ត្រីគល់រាំង ត្រីត្រសក បបែលយក្យ និងសត្វផ្សោតទឹកសាប។ល៕