(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា ករណីជំងឺគ្រុនឈាម គឺបានធ្លាក់ចុះជាលំដាប់ បើគិតចាប់ពីខែកក្កដា មកដល់ពាក់កណ្ដាលខែសីហា ឆ្នាំ២០១៩នេះ។ តែទោះជាយ៉ាងណា លោកនៅតែបន្ដយកចិត្ដទុក្ខដាក់ខ្ពស់លើករណីជំងឺគ្រុនឈាមនេះ និងជំរុញដល់មន្ដ្រីក្រុមការងារ និងគ្រូពេទ្យទូទាំងប្រទេស បន្ដយុទ្ធនាការនេះដើម្បីធានាថា ជំងឺគ្រុនឈាម នឹងបន្ដធ្លាក់ចុះបន្ថែមទៀត ។
ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា ពិនិត្យវឌ្ឍនភាពវិស័យសុខាភិបាល ក្នុងឆមាសទី១ឆ្នាំ២០១៩ នៅថ្ងៃទី១៥-១៦ ខែសីហា ឆ្នាំ២០១៩នៅទន្លេបាសាក់២។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងលើកទឹកចិត្ដ និងជំរុញបន្ថែមដល់មន្ដ្រីសុខាភិបាលថា «ត្រូវសាមគ្គីគ្នា ដើម្បីចូលរួមកាត់បន្ថយករណីជំងឺគ្រុនឈាម ឱ្យកាន់តែចុះទាបៗទៅ។ ដូច្នេះត្រូវបន្ដធ្វើការងារឱ្យច្រើនជាងការណែនាំ ឬបន្ដបណ្ដុះបណ្ដាលដល់មន្ដ្រីពាក់ព័ន្ធបន្ថែមទៀត និងចុះអប់រំប្រជាពលរដ្ឋ ឱ្យពួកគាត់ស្វែងយល់ពីប្រភព និងការចម្លង រួមទាំងគ្រោះថា្នក់ដល់ជីវិតដោយសារតែជំងឺគ្រុនឈាមនេះ»។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ បានថ្លែងប្ដេជ្ញាចិត្ដសហការរួមគ្នាជាមួយមន្ដ្រីពាក់ព័ន្ធ ក្នុងការបន្ដកិច្ចការងារនេះ ឱ្យកាន់តែទទួលបានលទ្ធផលល្អ ក្នុងការសង្គ្រោះជីវិតពលរដ្ឋ ពីជំងឺគ្រុនឈាមនេះ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានថ្លែងទៀតបន្ដថា «គិតត្រឹមសប្ដាហ៍ទី២ ខែសីហានេះ ជំងឺគ្រុនឈាមសរុប៤២,០០០ករណី និងអត្រាស្លាប់០,១% (ប្រមាណ៣០នាក់ស្លាប់)។ ស្ថានភាពជំងឺ ធ្លាក់ចុះពីជិត៥ពាន់ករណី មកត្រឹមតែ២ពាន់ករណីក្នុងមួយសប្ដាហ៍ៗ ចាប់តាំងពីសប្តាហ៍ទី១ខែកក្កដា មកដល់សប្ដាហ៍ទី២ ខែសីហានេះ។ បើគិតដើមឆ្នាំ មកទល់នឹងខែសីហានេះ យើងបានប្រើប្រាស់ថ្នាំអាបែតអស់ជិត២០០តោន, ថ្នាំបាញ់ជិត១ម៉ឺនលីត្រ ប្រើប្រាស់អស់ ជាង៣០%ប៉ុណ្ណោះ, សម្រាប់សេរ៉ូម ជិត១០ម៉ឺនកំប្លោក គឺមានគ្រប់គ្រាន់នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងប្រទេស»។
លោកបន្ដថា «យើងនឹងខិតខំប្រឹងប្រែង បន្ដរៀបចំផែនការច្បាស់លាស់ ត្រៀមធនធានសម្ភារឆ្លើយតប កន្លែងទទួលសេវា ទទួលអ្នកជំងឺ និងបញ្ជូនអ្នកជំងឺ រួមទាំងសកម្មភាពអន្ដរគមន៍យ៉ាងស្វាហាប់បំផុតគ្រប់ពេលវេលា មិនថាថ្ងៃឬយប់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយនូវប្រភពកកើតភ្នាក់ងារមូសខ្លា។ ក្នុងនោះ ចាំបាច់បំផុតគឺមានការចូលរួមទាំងវិស័យសុខាភិបាល វិស័យឯកជន និងសហគមន៍ ត្រូវតែបន្ដសកម្មភាពអន្ដរាគមន៍ឱ្យម៉ត់ចត់បន្ដបន្ទាប់ ជាពិសេសការលើកទឹកចិត្ដ ក្នុងការធ្វើអនាម័យបរិស្ថាន ដោយធានាថា នៅក្នុងសំបកកង់ឡានគ្មានដង្កូវទឹក។ លើសពីនោះបើមានករណីក្ដៅខ្លួននោះ សូមប្រញាប់បញ្ជូនមកកាន់មន្ទីររដ្ឋ និងមណ្ឌលសុខភាពដែលនៅក្បែរផ្ទះ កុំឱ្យលើសពី៣ថ្ងៃ ឬ៧២ម៉ោង»។
សូមជាជម្រាបថា គ្មានដង្កូវទឹកមូសខ្លា គ្មានមូសខ្លា, គ្មានមូសខ្លា គ្មានភ្នាក់ងារចម្លងជំងឺគ្រុនឈាម ដូច្នេះ សូមរួមគ្នាលុបបំបាត់ជម្រកមូសខ្លា ដែលមានក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ដូចជាទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង ក្នុងពាងទឹក អាងទឹក សំបកកំប៉ុងផ្សេងៗដែលអាចដក់ទឹកថ្លាបាន ជាពិសេស សំបកកង់ឡានតែម្ដង៕