(ភ្នំពេញ)៖ បន្ទាប់ពីមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២ បានហក់ចូលទីផ្សារមូលបត្រ បោះផ្សាយមូលបត្របំណុលហើយនោះ, គណៈកម្មការមូលបត្រកម្ពុជា បានបន្តខិតខំប្រឹងប្រែងផ្សព្វផ្សាយទាក់ទាញ នូវគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗទៀត ឲ្យងាយមកចាប់អារម្មណ៍ប្រមូលដើមទុនរបស់ខ្លួន តាមរយៈវិស័យមូលបត្រ។
ជាក់ស្តែងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) សហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «ប្រភពហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ក្រោមអធិបតីលោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងលោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ពីនីតិវិធីក្នុងការកៀរគរមូលធនតាមរយៈការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិ និង/ឬ មូលបត្របំណុល ឬសញ្ញាបណ្ណសាជីវកម្ម ដែលជាប្រភពទុនក្នុងស្រុកដ៏សម្បូរបែប ជាជាងការស្វែងរកប្រភពទុនពីបរទេស។
លើសពីនេះទៀត សិក្ខាកាម ក៏ទទួលបាននូវចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងការលើកទឹកចិត្តពន្ធដារ សម្រាប់ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ដែលធ្វើការបោះផ្សាយ មូលបត្រជាសាធារណៈ តាមរយៈការបន្ថយពន្ធលើប្រាក់ចំណូលចំនួន៥០% នៃពន្ធប្រាក់ចំណូលប្រចាំឆ្នាំ ព្រមទាំងការព្យួរការបង់ពន្ធប្រាក់រំដោះលើប្រាក់ចំណេញ១% ប្រចាំខែសម្រាប់រយៈពេល៣ឆ្នាំ។ ចំណែកឯវិនិយោគិន ក៏ទទួលបានអត្ថប្រយោជន៍ផងដែរ ដោយទទួលបានការបន្ថយពន្ធកាត់ទុក ៥០% លើការប្រាក់ ឬភាគលាភ ដែលបានមកពីការកាន់កាប់ ឬការជួញដូរមូលបត្រសម្រាប់រយៈពេល ៣ ឆ្នាំដូចគ្នា។
ជាមួយគ្នានេះ អ្នកចូលរួមក៏ទទួលបានការយល់ដឹងបន្ថែមពីកិច្ចគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រនៅកម្ពុជា។ ការចូលរួមចំណែកពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងវិស័យមូលបត្រ នឹងជួយជំរុញដល់ការវិនិយោគ ព្រមទាំងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិទាំងមូល។
សូមជម្រាបថា សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជាង១០០ រូប ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនមកពី គ.ម.ក. ផងដែរ៕