(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយជំរុញឲ្យប្រជាពលរដ្ឋរងគ្រោះ ដែលបានចាញ់បោក ដោយសារចូលហ៊ុនរកស៊ី ជាមួយក្រុមហ៊ុន និងបុគ្គលមួយចំនួន ដាក់ពាក្យប្តឹងទៅតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ច។
ការអំពាវនាវជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការមូលបត្រកម្ពុជា កន្លងមករកឃើញថា មានក្រុមហ៊ុន និងបុគ្គលមួយចំនួនបានផ្សព្វផ្សាយ និងទាក់ទាញប្រជាពលរដ្ឋ ឱ្យដាក់ប្រាក់វិនិយោគ នៅក្នុងគម្រោងវិនិយោគរបស់ខ្លួន ឬដៃគូវិនិយោគនៅឯបរទេស ក្រោមរូបភាពជាការចូលហ៊ុនគ្នា ឬទិញចំណែកហ៊ុននៅក្នុងគម្រោងវិនិយោគរួម ឬក្នុងគម្រោងវិនិយោគលើអចលនទ្រព្យ ឬអាជីវកម្មជួញដូរទ្រព្យឌីជីថល (Digital Asset) ដូចជា Coin ឬប្រកាសថាដាក់ប្រាក់ទទួល បានប្រាក់ចំណេញដែលមានដីធានា ដោយសន្យាផ្តល់ប្រាក់ចំណេញ/ភាគលាភ ឬការប្រាក់ ជាប្រចាំសប្តាហ៍ ប្រចាំខែ ឬប្រចាំឆ្នាំ ក្នុងអត្រាខ្ពស់ខុសពីធម្មតាដែលកន្លងមក ដែលករណីប្រភេទនេះឃើញថា ពុំដែលមានការអនុញ្ញាតស្របច្បាប់ និងពុំមានគម្រោងវិនិយោគត្រឹមត្រូវច្បាស់លាស់ ហើយតែងតែឈានទៅដល់ការឆបោក ដែលនាំឱ្យប្រជាពលរដ្ឋទទួលរងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
ជាមួយគ្នានេះ គណៈកម្មការមូលបត្រកម្ពុជា ក៏សូមក្រើនរំលឹកទៅប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងពិចារណាឲ្យបានល្អិតល្អន់ ចំពោះការចូលហ៊ុនរកស៊ី ដែលសន្យាផ្តល់ចំណេញច្រើនលើសលុប និងមិនត្រូវធ្វើការចូលហ៊ុនរកស៊ី ជាមួយក្រុមហ៊ុនណាមួយ ដែលពុំទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននោះឡើយ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ គ.ម.ក ដែលមានខ្លឹមសារទាំងស្រុង៖