(កំពង់ឆ្នាំង)៖ មិត្ដហ្វូន បានបើកសម្ពោធមន្ទីរពិសោធ ២ ជាលើកដំបូងសម្រាប់វិទ្យាល័យហ៊ុនសែន ទួលខ្ពស់ និងវិទ្យាល័យហ៊ុនសែនកំពង់លែង ក្រោមអធិបតីភាពលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍។ នេះក៏ជាជំហានដំបូងក្នុងគម្រោងមិត្ដហ្វូន លើការបំពាក់បរិក្ខារមន្ទីរពិសោធ និងផ្ដល់ការបណ្ដុះបណ្ដាលផ្នែកព័ត៌មានវិទ្យានៅតាមវិទ្យាល័យជាង ២០ ទីតាំងទូទាំងប្រទេស។
បច្ចេកវិទ្យាព័ត៌មានវិទ្យាក្រោមចក្ខុវិស័យរបស់មិត្ដហ្វូន គឺជាកត្ដាចាំបាច់នៃយុគសម័យឌីជីថល (Digital Transformation) នាពេលបច្ចុប្បន្ន រួមទាំងការអប់រំផងដែរ។ ដើម្បីផ្ដល់ភាពងាយស្រួលផ្នែកព័ត៌មានវិទ្យា ចំពោះការសិក្សា និងបណ្ដុះបណ្ដាល មន្ទីរពិសោធនេះ បានចូលរួមចំណែកពង្រឹងសមត្ថភាពជំនាញផ្នែកព័ត៌មានវិទ្យា ក្រោមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយនឹងចំណេះដឹងផ្នែកនេះ មិត្ដហ្វូន បានដាក់សំណើដល់ក្រសួងនានា និងមូលនិធិនៃការកសាងសមត្ថភាព ស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន (CBRD) ដើម្បីបង្កើតមន្ទីរពិសោធទាំងនេះ នៅតាមវិទ្យាល័យជាច្រើន ក្នុងរយៈពេល ៣ឆ្នាំ (២០១៩-២០២១) លើ២០វិទ្យាល័យក្នុង ១៣ខេត្ដទូទាំងប្រទេស។
ថ្លែងក្នុងពិធីបើកសម្ពោធ លោក ហឿង គុជច័ន្ទតារា នាយករងក្រុមហ៊ុនមិត្ដហ្វូន បានឲ្យដឹងថា «មិត្ដហ្វូន សូមថ្លែងអំណរគុណដល់ក្រសួង មូលនិធិ CBRD សម្រាប់ការត្រួសត្រាយផ្លូវឲ្យមិត្ដហ្វូន បញ្ចប់ការបង្កើតមន្ទីរពិសោធ២ ក្នុងចំណោម២០សាលារៀន។ មិត្ដហ្វូន ប្ដេជ្ញាបង្ហើយកិច្ចការលើសាលាចំនួន១៨ទៀត នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ ដើម្បីប្រគល់ជូនក្រសួងអប់រំមុនបវេសនកាលថ្មីចូលមកដល់»។
ថ្លែងក្នុងព្រឹត្ដិការណ៍នោះ រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន មិត្ដហ្វូន និងបានអរគុណចំពោះមិត្ដហ្វូន ទាំងក្រសួងអប់រំ និងក្រសួង ប្រៃសណីយ និងទូរគមនាគមន៍ អាចធានាការជឿជាក់ថា មន្ទីរពិសោធនៅតាមវិទ្យាល័យនានាទាំងនេះ គឺជាទីដែលសិស្សជំនាន់ថ្មីនឹងមានជំនាញផ្នែក Digital Transformation ចំពោះឧស្សាហកម្ម 4.0។មិត្ដហ្វូន មានការតាំងចិត្ដខ្ពស់ ក្នុងការវិនិយោគនៅតាមតំបន់ជនដាច់ស្រយាលបំផុតសម្រាប់កិច្ចការអភិវឌ្ឍប្រទេសជាតិ»។
ព្រឹត្ដិការណ៍សម្ពោធមន្ទីរពិសោធ សូមចូលទៅកាន់៖ https://www.facebook.com/metfone.closer/ និងទូរគមនាគមន៍ https://www.mptc.gov.kh៕