(ភ្នំពេញ)៖ គណៈកម្មាធិការអូស្ការកម្ពុជា (COCS) នៅថ្ងៃទី១៦ ខែសីហានេះ បានធ្វើសន្និសីទសារព័ត៌បញ្ជាក់ថា ខ្សែភាពយន្តមួយក្រោមចំណងជើង «តន្រ្តីជីវិត -In the Life of Music» ដឹកនាំដោយលោកស្រី ខេលី សូ និងលោក សុខ វិសាល ត្រូវបានជ្រើសរើសតំណាងឲ្យខ្សែភាពយន្តកម្ពុជា យកទៅប្រកួតពានរង្វាន់អូស្ការ (Oscars) លើកទី៩២ នៅហូលីវូដ (Hollywood)។
ខ្សែភាពយន្តតន្រ្តីជីវិត គឺជារឿងជំនាន់ក្រោយដ៏មានឥទ្ធិពលមួយ ដែលនិយាយពីស្នេហា សង្គ្រាម និងទំនាក់ទំនងគ្រួសារ អមជាមួយនឹងបទ «ចម្ប៉ាបាត់ដំបង» ដែលជាចម្រៀងដ៏ល្បីល្បាញ ត្រូវបាននិពន្ធដោយអធិរាជសំឡេងមាស ស៉ីន ស៉ីសាមុត។ ក្នុងសាច់រឿងវិញ បានបង្ហាញពីសម័យកាល៣ផ្សេងគ្នា ដែលជីវិតមនុស្សក្នុង៣ជំនាន់នោះ ត្រូវបានផ្លាស់ប្តូរ ដោយសាររបបខ្មែរក្រហមបានចូលមកដល់។
លោក សុខ វិសាល ដៃគូដឹកនាំខ្សែភាពយន្តតន្ត្រីជីវិត បានឲ្យដឹងថា តន្ត្រីតែងតែមានតួនាទីសំខាន់ នៅក្នុងសង្គ្រាមកម្ពុជា។ លោកថ្លែងថា មានមតិជាច្រើនលើកឡើងទៀតថា តន្ត្រី គឺជាព្រលឹងរបស់ប្រជាជនកម្ពុជាតែម្តង។
លោកបន្តថា «ក្នុងនាមខ្ញុំជាផលិតករតន្ត្រីម្នាក់ផងដែរ ខ្ញុំគិតថាខ្សែភាពយន្តនេះ ពិតជានិយាយអំពីព្រលឹងរបស់ប្រជាជនកម្ពុជា និងអ្វីដែលបានឆ្លងកាត់ក្នុងរយៈពេល ៤០ឆ្នាំកន្លងមក។ ខ្សែភាពយន្តនេះ គឺដូចជាបទចម្រៀងមួយបទ ដែលនិយាយអំពីអ្វីដែល ប្រជាជនកម្ពុជាបានឆ្លងកាត់ ទាំងសេចក្តីរីករាយ និងសេចក្តីសង្ឈឹមនៅចំណុចផ្តើមនៃរឿង រីឯកណ្តាលបង្ហាញនូវភាពក្រៀមក្រំ និងទុក្ខសោក ហើយទីបញ្ចប់នៃសាច់រឿង បានបង្ហាញពីភាពធន់របស់ប្រជាជនយើង តាមរយៈការប្តេជ្ញាចិត្តឆ្ពោះទៅមុខ ដោយមិនបានបំភ្លេចពីអ្វី ដែលបានកើតឡើង ក្នុងអតីតកាលនោះឡើយ»។
ខ្សែភាពយន្តតន្ត្រីជីវិត ត្រូវបានចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្ត អាស៉ីបាស៉ីហ្វិក នៅខែឧសភា ឆ្នាំ២០១៨ នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ហើយបន្ទាប់មកបានបន្តភាពល្បីល្បាញ របស់ខ្លួនលើឆាកអន្តរជាតិផ្សេងៗទៀតផង។ វាក៏ត្រូវបានចាក់បញ្ចាំង នៅក្នុងរាជធានីភ្នំពេញ នៅខែមីនា ឆ្នាំ២០១៩ កន្លងទៅផងដែរ។
ជារៀងរាល់ឆ្នាំពានរង្វាន់ Oscars ត្រូវបានរៀបចំឡើងដោយ Academy of Motion Pictures Arts & Sciences នៅហូលីវូដ។ ប្រទេសនីមួយៗ អាចបញ្ចូនខ្សែភាពយន្តមួយ សម្រាប់ប្រភេទខ្សែភាពយន្ត ដែលមានលក្ខណៈអន្តរជាតិល្អបំផុត ហើយមានតែស្ថាប័ន ដែលត្រូវបានការអនុញ្ញាតប៉ុណ្ណោះ ដែលអាចជ្រើសរើស ការដាក់ស្នើខ្សែភាពយន្តនេះបាន។
លោកស្រី Arthur ប្រធាន COCS បានថ្លែងថា វាជាកិត្តិយសណាស់ សម្រាប់សមាជិកគណៈកម្មាធិការ COCS ដែលបានចូលរួមនៅក្នុងដំណើរការនេះ សម្រាប់ព្រឹត្តិការណ៍ដ៏មហោឡាឫកនេះ។ ជំនាញរបស់ពួកគេ ក្នុងវិស័យភាពយន្តខ្មែរ ធ្វើឲ្យសមាជិក COCS មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការជ្រើសរើសភាពយន្តមួយណា ដែលគួរតំណាងប្រទេសកម្ពុជា។
ឥឡូវនេះ ខ្សែភាពយន្តតន្ត្រីជីវិត ត្រូវបានបញ្ជូនទៅកាន់ Academy ដើម្បីពិចារណាលើប្រភេទពានរង្វាន់ «លក្ខណៈអន្តរជាតិ» របស់ពានរង្វាន់អូស្ការ។ ទោះបីជាយ៉ាងណា គេត្រូវរង់ចាំថា តើខ្សែភាពយន្តមួយនេះ ត្រូវបានជ្រើសរើសជាបេក្ខភាពចុងក្រោយ សម្រាប់ពានរង្វាន់អូស្ការដែរឬទេ។
ជាដំបូង ខ្សែភាពយន្តទាំងអស់នៅក្នុងប្រភេទនេះ នឹងត្រូវពិនិត្យឡើងវិញ ហើយខ្សែភាពយន្តចំនួន១០ នឹងត្រូវជ្រើសរើស។ ក្នុងនោះ ខ្សែភាពយន្តចំនួន៥ នឹងត្រូវជ្រើសរើសបន្ត ដើម្បីទទួលការបោះឆ្នោតដោយសមាជិក Academy សម្រាប់ខ្សែភាពយន្ត ដែលឈ្នះពានរង្វាន់អូស្ការ៕