(ត្បូងឃ្មុំ)៖ បច្ច័យរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោកជំទាវ ចំនួន ៤០លានរៀល បានប្រគល់ជូនព្រះចៅអធិការ និងគណៈកម្មការវត្ត ក្រញ៉ូង និងវត្តព្រះលានព្រះ ដើម្បីកសាងកុដ ដោយក្នុងមួយវត្តទទួលបានបច្ច័យចំនួន ២០លានរៀល សម្រាប់កសាងកុដ។
ថវិកានេះត្រូវបានប្រគល់ជូនដោយលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។
ថ្លែងទៅកាន់លោកតា លោកយាយក្នុងឱកាសនោះ លោក វង សូត បានលើកឡើងថា ប្រទេសជាតិយើងមានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ មិនថាអាណាចក្រ ឬពុទ្ធចក្រឡើយ ក្នុងនោះវិស័យពុទ្ធចក្រ ត្រូវបានយកទុកដាក់យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ ជាក់ស្តែងនៅថ្ងៃនេះសម្តេចពញាចក្រី និងលោកជំទាវ បានផ្តល់ថវិការដើម្បីរួមចំណែកកសាង កុដក្នុងវត្តចំនួន ២ខាងលើនេះ។
លោកបានបន្តថា ការរក្សាសន្តិភាព និងភាពរីកចម្រើនបានគឺ អាស្រ័យលើបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ ដែលបាន គាំទ្រថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជារហូតមក បើទោះបី មានជនអគតិមួយចំនួន ព្យាយាមបំផ្លិចបំផ្លាញតាមការញុះញង់ របស់បរទេសមួយចំនួនក៏ដោយ ។
ជុំវិញបញ្ហានេះ លោក វង សូត ក៏បានអំពាវនាវដល់លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋបន្ត គាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ បន្តដឹកនាំប្រទេសជាតិ ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសសម្រេចតាមផែនការរីកចម្រើនក្លាយជាប្រទេសមានសេដ្ឋ កិច្ចមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសអ្នកមាន នៅឆ្នាំ២០៥០៕