(ព្រះវិហារ)៖ ស្ថានីយ៍ចែកចាយទឹកស្អាតមួយកន្លែង របស់សហគមន៍ពុទ្រាសែនជ័យ ដែលសាងសង់អស់ថវិកាជិត ៩ម៉ឺនដុល្លារ ត្រូវបានសម្ភោធដាក់ឲ្យដំណើរការប្រើប្រាស់ហើយ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណវត្តសិលានិម្មិត ភូមិពុទ្រា ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។
ពិធីនេះស្ថិតក្រោមវត្តមានលោក ស៊ូ សិរី អភិបាលរងខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន អង្កការជាដៃគូរជាច្រើន រូបទៀត។
លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានលើកឡើងថា គម្រោងសាងសង់ស្ថានីយ៍ចែកចាយទឹកស្អាតកម្រិតសហគមន៍នេះ ក្រោមកិច្ចសហការរវាងអង្កការ ទស្សនពិភពលោកកម្ពុជា ប្រចាំស្រុកជ័យសែន និងសហគមន៍ពុទ្រាសាមគ្គីវឌ្ឍនៈមានជ័យ ដោយមានការគាំទ្រផ្នែកបច្ចេកទេស ពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។
លោកបន្តថា ដោយមានកិច្ចសហការក្នុងភាពជាដៃគូរល្អរវាងមន្ទីរអភវឌ្ឍន៍ជនបទ អង្កការទស្សនពិភពលោក ប្រចាំស្រុកជ័យសែន ជាមួយសហគមន៍កសិកម្ម និងមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ថ្នាក់ដឹកនាំស្រុក ថ្នាក់ដឹកនាំខេត្ត។
ស្រុកជ័យសែន ត្រូវបានកសាងស្ថានីយ៍ចែកចាយទឹកស្អាតកម្រិតសហគមន៍ចំនួន ៣កន្លែង ដែលគ្រោងចំណាយថវិកាអស់ចំនួន ២៥៧៦៧៥ដុល្លារ ដែលជាប្រភពថវិការបស់អង្លការទស្សន ពិភពលោកកម្ពុជា។ លោកថា រាល់ការសាងសង់ស្ថានីយ៍ចែកចាយទឹកស្អាតកម្រិតសហគមន៍ទាំង ៣កន្លែងនេះ ត្រូវបានអនុញ្ញាតឲ្យសាងសង់ពីសំណាក់អភិបាលខេត្តព្រះវិហារផងដែរ។
លោក ម៉ប់ ធីរិត បានគូសបញ្ជាក់ថា ស្ថានីយ៍ចែកចាយទឹកស្អាតទាំង ៣កន្លែងរួមមាន៖
*ទី១៖ ស្ថានីយ៍ចែកចាយទឹកស្អាតភូមិកំពង់ពុទ្រាសាងសង់អស់ថវិកាសរុប ៨៨០២៥ដុល្លារ
*២៖ ស្ថានីយ៍ចែកចាយទឹកស្អាតភូមិបដិវត្ត សាងសង់អស់ថវិកាសរុប ៨១២២៥ដុល្លារ និងស្ថានីយ៍ចែកចាយទឹកស្អាតស្ថិតក្នុងភូមិគោក ឃុំស្អាង សាងសង់អស់ថវិកាចំនួន ៨៨២២៥ដុល្លារផងដែរ។
នៅក្នុងឱកាសនោះលោក ស៊ូ សិរី បានចូលរួមសំដែងនូវការរីករាយត្រេកអរ ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងស្រុកជ័យសែន ដែលថ្ងៃនេះសមិទ្ធិផលថ្មីមួយ ត្រូវបានលេចជារូបរាងឡើង និងបានសម្ភោធដាក់ឲ្យប្រើប្រាស់ ដើម្បីបំរើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋនៅទីនេះ។ លោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក៏ដូចជា អង្កការទស្សនពិភពលោក ដែលបានសហការសាងសង់នូវសមិទ្ធិផលនេះឡើង ដើម្បីបំពេញការខ្វះខាតរបស់ប្រជាពលរដ្ឋ។
លោកអភិបាលរងខេត្តព្រះវិហារ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ បញ្ហាចម្បងដែលប្រមុខរាជរដ្ឋាភិបាល យកចិត្តទុកដាក់នោះ គឺក្រៅពីវិស័យសុខាភិបាល និងវិស័យគមនាគមន៍នោះ គឺការផ្គត់ផ្គង់អគ្គិសនី និងការផ្គត់ផ្គង់ទឹកស្អាតឲ្យដល់ទីជនបទដាច់ស្រយ៉ាលសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។
លោកថា «គិតមកដល់ថ្ងៃនេះ ការប្រើប្រាស់បណ្តាញអគ្គិសនី និងការប្រើប្រាស់បណ្តាញទឹកស្អាត បានឈានចូលដល់ភូមិ ឃុំរបស់បងប្អូនប្រជាពលរដ្ឋយើង មួយចំនួនធំហើយ ដែលកត្តានេះលោកសង្ឃឹមថា នៅអាណត្តិក្រោយនេះបណ្តាញអគ្គសនី និងបណ្តាញទឹកស្អាត និងចូលដល់ផ្ទះប្រជាពលរដ្ឋគ្រប់ផ្ទះ នៅតាមទីជនបទជាក់ជាមិនខាន»។
ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ត្រូវគាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសតទៅទៀត ដើម្បីឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនកាន់តែខ្លាំងឡើង៕