(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះថា សកម្មភាពគ្រឿងចក្រឈូសឆាយ ដីព្រៃខុសច្បាប់ ដើម្បីធ្វើផ្លូវនៅស្រុកអូររាំង ខេត្តមណ្ឌលគិរីនោះ ត្រូវបានផ្អាកទាំងស្រុងក្រោមការបញ្ជារបស់លោក។
លោក ស្វាយ សំអ៊ាង បានបញ្ជាក់ទៀតថា ក្រោយគ្រឿងចក្រត្រូវផ្អាកទាំងស្រុងហើយ លោកនឹងបញ្ជូនមន្រ្តីសាលាខេត្ត និងមន្រ្តីជំនាញចុះទៅពិនិត្យផ្ទាល់នៅកន្លែងកើតហេតុ ដើម្បីមានចំណាត់ការបន្តទៀតទោះក្រុមហ៊ុនណាក៏ដោយ និងបុគ្គលណាក៏ដោយត្រូវទទួលទោស បើសិនរកឃើញថាមានបទល្មើសនោះ។
សូមបញ្ជាក់ថា កាលពីពេលប៉ុន្មានថ្ងៃមុន លោក សៀក មុន្នី អភិបាលស្រុកអូររាំង ដែលទើបប្រកាសតែងតាំងថ្មី ត្រូវបានមន្រ្តីរាជការស្រុកអូររាំងមួយចំនួន អះអាងថា កំពុងឈូសឆាយផ្លូវក្នុងព្រៃមួយខ្សែ ទទឹងមិនក្រោម២០ម៉ែត្រ ឈូសកាត់ព្រៃឈើ និងដើមស្រល់រាប់យរយពាន់ម៉ែត្រ ដោយមិនបាច់មានការអនុញ្ញាត ពីក្រសួង ឬរដ្ឋបាលសាលាខេត្តមណ្ឌលគិរីនោះឡើយ។
សកម្មភាពឈូសឆាយនេះ ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ភ្លាមៗនៅថ្ងៃនោះ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានបញ្ជាឲ្យរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងអាវុធហត្ថខេត្ត ចុះឃាត់ចាប់គ្រឿងចក្រកំពុងធ្វើសកម្មភាពនៅទីតាំងខាងលើផងដែរ។
ដោយឡែកនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានបញ្ជាក់ថា ចំពោះការឈូសឆាយផ្លូវនេះពិតជាមានការឈូសឆាយមែន តែរាល់ការឈូសឆាយនេះ មិនបានឈូសឆាយផ្លូវថ្មីនោះទេ គឺឈូសឆាយផ្លូវចាស់ស្ថិតក្នុងផ្លូវក្រុមហ៊ុន វូជីសាន ដែលជាក្រុមហ៊ុនស្រល់ ដោយខាងក្រុមហ៊ុន និងរដ្ឋបាលសាលាស្រុកអូររាំង មានការឯកភាពគ្នា ក្រុមហ៊ុនខាងលើផងដែរ ហើយស្រុកក៏បានធ្វើការជូនដំណឹងទៅមន្ត្រីជំនាញ ក្នុងខេត្ត និងអាជ្ញាធរស្រុករួចរាល់ទៀតផង។
លោកអភិបាលស្រុក បានបញ្ជាក់បន្ថែមថា ការឈូសឆាយធ្វើផ្លូវលំនេះ មិនមានការប៉ះពាល់ដីព្រៃរបស់រដ្ឋនោះទេ គឺមានការប៉ះពាល់ដីព្រៃស្រល់របស់ក្រុមហ៊ុន វូជីសាន (ដីក្រមហ៊ុនវូជីសាន ដើមស្រល់) គ្រប់គ្រងដោយក្រុមហ៊ុនវូជីសាន ហើយការឈូសឆាយផ្លូវលំនេះ តែងតែមានការប៉ះពាល់ដើមស្រល់ខ្លះៗ ចៀសមិនផុត ហើយការឈូសឆាយនេះទៀត គឺដើម្បីប្រយោជន៍សាធារណៈ។
តាមរយៈអ្នកនាំពាក្យរដ្ឋបាលស្រុកអូររាំង បានបញ្ជាក់ថា «ការឈូសឆាយធ្វើផ្លូវមួយខ្សែស្ថិតក្នុងភូមិពូតាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី រដ្ឋបាលសាលាស្រុក រៀបចំផែនការ ត្រាស់សេបើកការដ្ឋានស្ថាបនានាពេលខាងមុខ ចំពោះការឈូសឆាយដើមស្រល់មួយចំនួន គឺដើម្បីមើលស្ថានភាពដី សម្រាប់គម្រោងសាងសង់ ផ្លូវហើយរដ្ឋបាលស្រុក ក៏បានធ្វើការប្រជុំផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋ ជាច្រើនគ្រួសាររួចផងដែរ»។
បើទោះបីមានការបកស្រាយពីសំណាក់អភិបាលស្រុកអូររាំង យ៉ាងណាក្តី ប៉ុន្តែមហាជន និងមន្រ្តីរាជការស្នើឲ្យលោកអភិបាលស្រុក បញ្ចេញឯកសារផ្សេងៗ ទាក់ទងផ្លូវច្បាប់ឲ្យបានគ្រប់គ្រាន់ និងមានការយល់ព្រមពីក្រសួងសាម៉ី រដ្ឋបាលសាលាខេត្ត មន្ទីរ ស្រុក ទៀតផងដើម្បីឈានទៅរកភាពត្រឹមនៃផ្លូវច្បាប់។ តែយ៉ាងណានោះ លោកអភិបាលស្រុក បានលើកឡើងទៀតថា រាល់ការឈូសឆាយផ្លូវនេះ លោកបានបញ្ឈប់សកម្មភាពទាំងនាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩៕