(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ បានទទួលជួបលោក Alexandre Huynh នាយកអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហ ប្រជាជាតិ (FAO) ប្រចាំ កម្ពុជា និងក្រុមការងារជំនាញផ្នែកច្បាប់ ដឹកនាំដោយលោកស្រី Teresa Amador ក្នុងគោលបំណងសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាព នៃការធ្វើវិសោធនកម្មច្បាប់ស្តីពី ជលផល។ ជំនួបនេះ បានរៀបចំធ្វើឡើង នាទីស្ដីការក្រសួងកសិកម្ម។
លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណ ចំពោះអង្គការ FAO ដែលបានផ្តល់ និងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេស រដ្ឋបាលជលផល ដើម្បីរួមគ្នាអភិវឌ្ឍន៍អនុវិស័យនេះ ជាក់ស្តែងតបតាម ការអញ្ជើញរបស់រដ្ឋបាលជលផល ក្រុមការងារជំនាញផ្នែកច្បាប់របស់អង្គការ FAO បានមកជួយរៀបចំ កែសម្រួល និងបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីជលផល ដែលច្បាប់នេះ ពិតជាមានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើនដល់ការអភិវឌ្ឍ និងអភិរក្សអនុវិស័យនេះ ប្រកបដោយចីរភាព បរិយាប័ន្ន និងនិរន្តរភាព សមស្របតាមកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ។
ទន្ទឹមនឹងនេះ ដើម្បីអភិវឌ្ឍន៍អនុវិស័យនេះ ឲ្យមានការរីកចម្រើនថែមទៀត លោករដ្ឋមន្ត្រី មានក្តីសង្ឃឹម និងជឿជាក់ថា អង្គការ FAO និងដៃគូដទៃទៀត នឹងអាចជួយពិនិត្យ លទ្ធភាពក្នុងការផ្ដល់ការគាំទ្រ គម្រោងបន្ថែម លើការវាយតម្លៃជាទូទៅមួយ លើវិស័យកសិកម្ម និងវិស័យនានា ដែលជាប់ពាក់ព័ន្ធនឹងការគាំទ្រលើវិស័យកសិកម្ម ដែលបានធ្វើឲ្យកំណើន ក្នុងវិស័យកសិកម្ម ជួបនឹងបញ្ហាប្រឈប និងមានកំណើនតិចទួច ក្នុងរយៈពេលនេះប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការនាំចេញផលិតផលកសិកម្មផងដែរ។
បន្ទាប់ពីបានស្តាប់នូវប្រសាសន៍លើកឡើង របស់លោករដ្ឋមន្ត្រី លោក Alexandre Huynh និងលោកស្រី Teresa Amador បានឯកភាពទាំងស្រុង និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាព ក៏ដូចជាសមិទ្ធផលនានា ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបាននាពេលកន្លងមក។
ពាក់ព័ន្ធការធ្វើវិសោធនកម្មច្បាប់នេះ លោកស្រី បានរាយការណ៍ជូនលោករដ្ឋមន្រ្តីជ្រាបថា ដោយមានកិច្ចសហការល្អ ពីគ្រប់ភាគីពាក់ព័ន្ធធ្វើឲ្យដំណើរការ នៃការរៀបចំច្បាប់នេះ ប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានលទ្ធផលល្អប្រសើរ ហើយសង្ឃឹមថា នឹងអាចបញ្ចប់នាបំណាច់ឆ្នាំ២០១៩ នេះ។ ដោយឡែកចំពោះការស្នើសុំ គម្រោងធ្វើការវាយតម្លៃជាទូទៅមួយ ក្នុងវិស័យកសិកម្ម FAO ទទួលយកទៅពិនិត្យ និងពិភាក្សាជាមួយដៃគូដទៃទៀត ដើម្បីមានវិធាន និងចូលរួម។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការ FAO ដែលតែងតែជួយឧបត្ថម្ភ គាំទ្រជំនួយបច្ចេកទេស លើការកសាងគោលនយោបាយ និងការអភិវឌ្ឍន៍វិស័យកសិកម្មកន្លងមក៕