(កណ្តាល)៖ នៅគ្រាដែលការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩ នឹងចូលមកដល់នៅ៣ថ្ងៃទៀត ពោលគឺមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩នោះ, នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកលើកដែក បានចុះជួបសំណេះសំណាល ជាមួយសិស្សថ្នាក់ទី១២ និងលោកគ្រូអ្នកគ្រូ ជាង៥០០នាក់។
ថ្លែងក្នុងជំនួបសំណេះសំណាលមុនពេលប្រឡងនេះ លោក ហេង រតនា បានណែនាំដល់ប្អូនៗដែលជាសិស្សត្រៀមប្រឡងទាំងអស់ ត្រូវតែខិតខំថែរក្សាសុខភាព រង់ចាំថ្ងៃប្រឡងមកដល់ ជៀសវាងជួបបញ្ហាសុខភាព ដែលនាំដល់ការអាក់ខានដល់ការប្រឡង ដែលខិតខំប្រឹងប្រែងរៀនសូត្រជាង១០ឆ្នាំមកនេះ។
ជាមួយគ្នានេះ លោកក៏បានណែនាំឲ្យប្អូនៗត្រូវគោរពនូវបទបញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានកំណត់ ដោយមិនត្រូវយកសំណៅឯកសារ ទូរស័ព្ទ និងឧបករណ៍ចូលមណ្ឌលប្រឡងនោះឡើយ រួមនឹងគោរពគោលការណ៍ផ្សេងទៀតក្នុងពេលប្រឡង។
លោកអគ្គនាយក ក៏បានថ្លែងនូវការជូនពរដល់ប្អូនសិស្សថ្នាក់ទី១២ ទាំងអស់ដែលត្រូវប្រឡង សូមឲ្យប្រឡងជាប់ៗគ្រប់គ្នា។ តែប្រសិនបើលទ្ធផលមិនប្រកបនោះ លោកបានលើកទឹកចិត្តដល់ប្អូនៗ សូមកុំបាក់ទឹកចិត្ត ព្រោះមានលទ្ធភាពរៀនប្រឡងនៅឆ្នាំក្រោយបន្តទៀត ឬក៏មានវិធីផ្សេងៗក្នុងការរកការងារធ្វើ ហើយលោកសន្យានឹងជួបជាមួយប្អូនៗជាបន្តទៀត ក្នុងពេលប្រឡងបាក់ឌុប រួមទាំងផ្តល់នូវអាហារូបករណ៍ចំនួន១៥កន្លែងផងដែរ។
សូមជម្រាបថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ មានមណ្ឌលប្រឡងសរុប២០២មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧ មណ្ឌលមាន៤៧២៥បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧០២៤នាក់ ស្រី៦០៤២១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន៤៤៦៨៣នាក់ ស្រី២៥២៨៥នាក់ មាន១៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧២៣៤១នាក់ ស្រី៣៥១៣៦ នាក់មាន២៩១៥ បន្ទប់៕