(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្លាស់ប្តូរសមាសភាពមន្ត្រីតាមដានដំណឹងនៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
យោងតាមសេចក្តីសម្រេចធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធាន អមដោយអនុប្រធាន៣រូប និងសមាជិក ១០រូបផ្សេងទៀត។
ក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា ក្រុមកការងារនេះ មានភារកិច្ចតាមដាន និងជួយស្រាវជ្រាវទំព័របណ្តាញសង្គមហ្វេសប៊ុក Facebook របស់សម្តេចតេជោ ហ៊ុន សែន និងមានតួនាទីឆ្លើយតបតាមជំនាញនីមួយៗ ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ចំពោះមតិមហាជនដែលបង្ហោះក្នុងទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
ក្រុមការងារ ក៏មានភារកិច្ចតាមដានការផ្សព្វផ្សាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលាលើប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃផងដែរ៕