(កណ្ដាល)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញជាវាគ្មិនកិត្តិយសធ្វើបាឋកថា ចែករំលែកចំណេះដឹង និងបទពិសោធន៍លើប្រធានបទស្តីពី ការវិវត្តនៃសភាពការណ៍សន្តិសុខនាពេលបច្ចុប្បន្ន ជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិត-សិក្ខាកាម នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះវត្តមានរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ព្រមទាំងបានលើកឡើងអំពីវឌ្ឍនភាព កម្មវិធីកំណែទម្រង់ និងការងារបណ្តុះបណ្តាល ដែលបណ្ឌិត្យសភា សម្រេចបានជោគជ័យជាបន្តបន្ទាប់។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ទាំងផ្នែករឹង និងផ្នែកទន់ ជាពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់សម្ភារសិក្សានានា និងគុណភាពនៃការបណ្តុះបណ្តាលកាន់តែប្រសើរឡើង ក្នុងការផ្តល់នូវចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដល់នគរបាលជាតិកម្ពុជាយើងទាំងមូល ឲ្យមានសមត្ថភាពបំពេញការងារទទួលបានជោគជ័យតាមជំនាញរៀងៗខ្លួន។
នាយឧត្តមសេនីយ៍ សេង ផល្លី បានថ្លែងអំណរគុណ ចំពោះបទបាឋកថារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលមានអត្ថន័យនិងខ្លឹមសារយ៉ាងល្អ ឆ្លុះបញ្ចាំងអំពីសមត្ថភាពនិងបទពិសោធន៍ជាក់ស្តែងរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក្នុងការដឹកនាំបញ្ជាកងកម្លាំងទាក់ទងនឹងសភាពការណ៍សន្តិសុខនាពេលបច្ចុប្បន្ននេះ។ បាឋកថានេះក៏បានដល់នូវអត្ថប្រយោជន៍ដ៏មានតម្លៃណាស់សម្រាប់ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិត-សិក្ខាកាមទាំងអស់ ដើម្បីពង្រីកចំណេះដឹងបន្ថែមទៀតក្នុងការអនុវត្តការងារជាក់ស្តែង ការបង្កាត់បង្រៀន និងក្នុងការសិក្សា។
ក្នុងការអញ្ជើញមកធ្វើបាឋកថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានផ្តួចផ្តើមគំនិត និងជួយឧបត្ថម្ភទាំងស្រុងក្នុងការបង្កើតឲ្យមានកម្មវិធីពិសាបាយសាមគ្គីរួមគ្នាជាប្រវត្តិសាស្ត្រ រវាងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិត-សិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា៕