(ភ្នំពេញ)៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ១៩ សីហា ឆ្នាំ២០១៩ នឹងចូលមកដល់។
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់តាមរយៈ Facebook របស់ខ្លួនថា នៅព្រឹកនេះ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានីខេត្តបានមកទទួលផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
សូមជម្រាបថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប២០២មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម១២៧ មណ្ឌលមាន៤៧២៥បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧០២៤នាក់ ស្រី៦០៤២១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន៤៤៦៨៣នាក់ ស្រី២៥២៨៥នាក់ មាន១៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧២៣៤១នាក់ ស្រី៣៥១៣៦ នាក់មាន២៩១៥ បន្ទប់៕