(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់១៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន១៤គ្រឿង, រថយន្តតូច៧គ្រឿង និងរថយន្ដធុនធំ៦គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់, ប្រជែង, ងងុយដេក និងមិនប្រកាន់ស្ដាំ។
សូមបញ្ជាក់ថា រយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៥៥លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧៩នាក់ របួសធ្ងន់១២៩នាក់ និងរបួសស្រាល៩៤នាក់៕