(ភ្នំពេញ)៖ ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានថ្លែងអំណរគុណជាអនេកដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាន ផ្តល់ប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀលដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានចេញអនុក្រឹត្យសម្រេចផ្តល់ប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀលដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣។
ជារៀងរាល់ឆ្នាំឲ្យដល់ខែបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំថ្មី សម្តេចតេជោ ហ៊ុន សែន តែងគិតគូរផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន៥ម៉ឺនរៀល ដែលឧបត្ថម្ភមួយលើកៗ ចំណាយប្រហែល៧លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន ដើម្បីលើកស្ទួយជីវភាពរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ សម្រេចដាក់ចេញនូវគោលការណ៍ ដំឡើងប្រាក់បៀវត្ស២លើកក្នុង១ឆ្នាំ គឺការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ៕