(ក្រចេះ)៖ ទីបំផុត ! គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានសម្រេចឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង និងកូនប្រសារបស់គាត់ហើយ បន្ទាប់ពីសួរនាំអស់រយៈពេល១ថ្ងៃ ពាក់ព័ន្ធនឹងបទល្មើសព្រៃ នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ នេះបើតាមការបញ្ជាក់ពី ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
ឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ខណៈនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ និងមានការសម្របសម្រួលពីអយ្យការ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើចំនួន២រូប ក្នុងនោះមាន ជនសង្ស័យ ឧកញ៉ា គង់ គ្រឹង និងឈ្មោះ ម៉ាត់ ណាស៊ាត»។
លោកអះអាងថា យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានកោះហៅឧកញ៉ា គង់ គ្រឹង ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។
ឧកញ៉ា គង់ គ្រឹង មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្ម ម៉ាត់ ណាស៊ាត ត្រូវចូលបំភ្លឺតាមពេលវេលាកំណត់ និងត្រូវនាំឯកសារពាក់ព័ន្ធទៅជាមួយផងផងដែរ។
ការកោះហៅ ឧកញ៉ា គង់ គ្រឹង ជាឈ្មួញឈើម្នាក់ដែរនោះ ត្រូវបានបញ្ជាក់ក្នុងលិខិតកោះហៅរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះថា ដើម្បីដំណើរការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវ។
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបង្កើតឡើង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដែលពេលនេះកំពុងបើកប្រតិបត្តិការក្តៅគគុក ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជា៕