(ក្រចេះ)៖ ដើម្បីការពារថែទាំសុខភាពរបស់ប្រជាជនទូទាំងប្រទេស ជាពិសេសលើករណីពុលស្រាស ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ បានធ្វើសិក្ខាសាលាមួយ នៅខេត្ដក្រចេះ ស្ដីពី ការចែករំលែកបទពិសោធន៍ និងវិធានការជាក់ស្តែង លើការពុលសារធាតុម៉េតាណុលក្នុងស្រាស ក្រោមអធិបតីភាព លោកទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល។
លោកទន្តបណ្ឌិត អឿន បូរារ័ត្នន៍ បានថ្លែងថា ទន្ទឹមនឹងការរីកចម្រើននៃវិស័យចំណីអាហារនេះ ក៏មានផលប៉ះពាល់ពីចំណីអាហារ និងភេសជ្ជៈ ដែលគ្មានគុណភាព និងសុវត្ថិភាព។ ជាក់ស្ដែងកន្លងមក នៅប្រទេសកម្ពុជា មានការពុលចំណីអាហារ និងភេសជ្ជៈជាច្រើនលើកមកហើយ។
តាមស្ថិតិនៃការពុលចំណីអាហាររបស់ក្រសួងសុខាភិបាលពីឆ្នាំ២០១៤-២០១៨ ក្នុងប្រទេសកម្ពុជា មានការពុលចំណីអាហារ សរុបចំនួន១១៩ដង មានជនរងគ្រោះចំនួន ៥,៣២០នាក់ និងស្លាប់៧៨នាក់ គឺបណ្តាលមកពីការបរិភោគចំណីអាហារ សារធាតុគីមីពុល ស្រាស និងស្រាថ្នាំ ដែលចម្លងដោយមេរោគ និងមានកម្រិតខ្ពស់របស់ម៉េតាណុលក្នុងស្រា។ ក្នុងនោះការពុលដោយម៉េតាណុល ដែលមានកម្រិតខ្ពស់ក្នុងស្រាស និងស្រាថ្នាំ មានសរុបចំនួន ១១ដង ដែលបណ្តាលឱ្យមានជនរងគ្រោះចំនួន៥៤២នាក់ និងបាត់បង់ជីវិតចំនួន៥៩នាក់។
ហេតុការណ៍នេះកើតឡើងនៅខេត្តក្រចេះចំនួន៦ដង ចូលសម្រាកពេទ្យ៤១១នាក់ ស្លាប់៣៦នាក់, ត្បូងឃ្មុំចំនួន១ដង ចូលសម្រាកពេទ្យ៣៤ ស្លាប់៣នាក់, មណ្ឌលគីរីចំនួន១ដង ចូលសម្រាកពេទ្យ១៣នាក់ ស្លាប់២នាក់, ខេត្តកំពង់ឆ្នាំងចំនួន១ដង ចូលសម្រាកពេទ្យ៩២នាក់ ស្លាប់១៥នាក់, ខេត្តកំពតចំនួន១ដង ចូលសម្រាកពេទ្យ២នាក់ ស្លាប់១នាក់, រាជធានីភ្នំពេញចំនួន១ដង ចូលសម្រាកពេទ្យ៣នាក់ ស្លាប់២នាក់។
លោកបន្ដថា ហេតុដូច្នេះហើយកាលពីខែតុលា ឆ្នាំ២០១៨ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានរៀបចំកិច្ចប្រជុំម្តងជាជំហានដំបូងរួចមកហើយ ដើម្បីរិះរកវិធានការណ៍នៃការទប់ស្កាត់ការពុលចំណីអាហារ ដែលក្នុងនោះយើងបានលើកយកចំណុច៦យ៉ាងមករៀបចំដាក់ជាវិធានការក្នុងការងារនេះ៕