(ភ្នំពេញ)៖ បើទោះបីមិនបានទៅទស្សនាការប្រកួតដ៏ជក់ចិត្តរវាងក្រុមកីឡាករកម្ពុជាអាយុក្រោម១៨ឆ្នាំ ជាមួយក្រុមជម្រើសជាតិវៀតណាម នៅលើទឹកដីវៀតណាមយ៉ាងណាក្តី តែតាមរយៈការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងតាមទំព័រ Facebook ប្រជាពលរដ្ឋខ្មែរបានតាមដានការប្រកួតនេះយ៉ាងជក់ចិត្តជាទីបំផុត។
ជំនួបចុងក្រោយរបស់ក្រុមកីឡាករជម្រើសជាតិកម្ពុជា ជាមួយវៀតណាម ក្នុងក្របខណ្ឌ AFF-U16 Championship នៅរសៀលថ្ងៃ១៥ ខែសីហា ឆ្នាំ២០១៩នេះ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ ពោលបើទោះបីចាញ់ ឬឈ្នះ ក៏ក្រុមកីឡាករកម្ពុជា មិនអាចឆ្លងពូលបានឡើយ បន្ទាប់ពីបានចាញ់សិង្ហបុរី ១-០ និងចាញ់ម៉ាឡេស៊ី ៣-០ និងចាញ់អូស្ត្រាលី ៥-១។
បើទោះបីជាដឹងថា ត្រឹមការប្រកួតបង្គ្រប់កិច្ចយ៉ាងក្តី តែក្រុមកីឡាករវ័យក្មេងរបស់កម្ពុជា បានប្រឹងប្រែងយ៉ាងស្វិតស្វាញជាទីបំផុតតទល់ជាមួយក្រុមខ្លាំងវៀតណាម។ ក្រោមការប្រឹងប្រែងយ៉ាងស្វិតស្វាញដើម្បីនាំមកនូវមោទនភាព ឬអាចនិយាយបានថា ដើម្បីអ្នកគាំទ្រជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងនោះ ក្រុមកីឡាករកម្ពុជា បានស៊ុតបញ្ចូលទីនាំមុខវៀតណាម នៅនាទី៥០ ដោយកីឡាករខ្សែប្រយុទ្ធ សៀង ចន្ធា។
ក្រុមកីឡាករវៀតណាម ដែលជាក្រុមខ្លាំងមួយនៅអាស៊ីអាគ្នេយ៍ និងមិនធ្លាប់មានប្រវត្តិចាញ់ក្រុមកីឡាករកម្ពុជានោះ ក្រោយពេលកម្ពុជានាំមុខមួយគ្រាប់ បានធ្វើឱ្យពួកគេដាក់សម្ពាធយ៉ាងខ្លាំងមកលើក្រុមកីឡាករកម្ពុជា ដែលភាសាកីឡាគេនិយាយថា «លេងដាច់ជើងចោល»។ បន្ទាប់ពីការវាយបកយ៉ាងសន្ធាប់ក្រុមកីឡាករវៀតណាម បានស៊ុតបញ្ចូលទីគ្រាប់មួយគ្រាប់វិញនៅក្នុងម៉ោងបន្ថែមនៅនាទី ៩០+២។
មួយគ្រាប់របស់វៀតណាម ធ្វើឱ្យលទ្ធផលស្មើគ្នានេះ ហាកធ្វើឱ្យអ្នកគាំទ្រហាក់អស់សង្ឃឹមបន្តិច ដែលនៅមុននេះពួកគេរំពឹងថា កម្ពុជា នឹងយកឈ្នះវៀតណាម ដើម្បីបំបែកប្រវត្តិសាស្ត្រមិនធ្លាប់ឈ្នះរបស់កម្ពុជា។ តែក្តីរីករាយបានកើតឡើងមកវិញ បន្ទាប់ពីនៅនាទីចុងក្រោយទៅក្រោយទៅហើយនោះ កីឡាករកម្ពុជាពីររូបបានលេងបោះបាល់ឱ្យគ្នាយ៉ាងល្អប្រសើរ រហូតទាត់បញ្ចូលទីវៀតណាមបានមួយគ្រាប់ទៀត ដោយកីឡាករ ធី លៀង។
ក្នុងជំនួប៣លើកចុងក្រោយនេះ កម្ពុជាមិនធ្លាប់យកឈ្នះវៀតណាមឡើយ នៅឆ្នាំ២០០២ កម្ពុជាចាញ់វៀតណាម ៣-១, ឆ្នាំ២០០៣ និង ២០០៧ កម្ពុជាចាញ់វៀតណាម ៥-០។ ថ្វិតដ្បិតថា ជ័យជម្នះរបស់កម្ពុជាលើក្រុមជម្រើសជាតិវៀតណាម មិនអាចបន្តដំណើរទៅមុខបាននោះឡើយ តែក្រឡេកមកប្រជាពលរដ្ឋខ្មែរដែលជាអ្នកគាំទ្របាល់ទាត់បានសម្តែងនូវក្តីរីករាយជាខ្លាំង ហើយបានចាត់ទុកការយកឈ្នះរបស់កម្ពុជាលើក្រុមវៀតណាម គឺជាប្រវត្តិសាស្ត្រថ្មីដ៏សែនមោទនភាពជាទីបំផុត។
សូមបញ្ជាក់ថា ការប្រកួត AFF-U16 Championship នេះ កម្ពុជាមិនត្រឹមតែយកឈ្នះលើវៀតណាមនោះទេ តែក៏បានយកឈ្នះក្រុមជម្រើសជាតិថៃ ក្នុងលទ្ធផល ៤-៣ ផងដែរ។ តាមរយៈលទ្ធផលនេះ ថៃ និងវៀតណាម សុទ្ធតែបានហាលអាវដូចនឹងកម្ពុជាដែរ ក្រោមការទម្លាក់របស់កីឡាករវ័យក្មេងកម្ពុជា៕