(សៀមរាប)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចូលក្នុងក្រុងសៀមរាប លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែចូលក្រុងសៀមរាប ប្រវែងជិត៥គីឡូម៉ែត្រ។ ទន្ទឹមនឹងការបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះទៅ លោក ស៊ុន ចាន់ថុល បានបង្ហាញគម្រោងអាទិភាពមួយចំនួនទៀតដែលត្រូវអនុវត្តន៍បន្ត ដើម្បីកែលំអរហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធបង្ហូរទឹកក្នុងក្រុងសៀមរាប។
កំណាត់ផ្លូវដែលបើកការដ្ឋានសាងសង់នៅថ្ងៃនេះមានប្រវែង ៤,៦០០ម៉ែត្រ និងពង្រីកទទឹងផ្លូវរហូតដល់១៥ម៉ែត្រ រត់បន្តពីផ្លូវ៧មករា ភ្ជាប់ទៅផ្លូវ ២៦៥F ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ផ្លូវនេះជួសជុលដោយក្រាលកៅស៊ូពីរស្រទាប់ DBST ព្រមទាំងសាងសង់បណ្ដាញលូដែលមានមុខកាត់ ១.២០ម៉ែត្រ ប្រវែង ៤,៦០០ម៉ែត្រ និងបណ្ដាញលូដែលមានមុខកាត់ ១.០០ម៉ែត្រប្រវែង ៤,៦០០ម៉ែត្រ និងដាក់លូកាត់ទទឹងផ្លូវសម្រាប់រំដោះទឹកចំនួន ១០កន្លែង។
កំណាត់ផ្លូវខ្នារចាស់ជាកំណាត់ផ្លូវមេមួយដ៏សំខាន់សម្រាប់បញ្ចៀសការកកស្ទះចរាចរណ៍នៅក្នុងក្រុងសៀមរាប ក៏ដូចជារួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កំណាត់ផ្លូវនេះចូលរួមយ៉ាងសកម្មក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ តាមរយៈការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារគោលដៅទាំងក្នុងស្រុក និងក្រៅស្រុក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលឹកក្នុងពិធីដែលមានការចូលរួមពីអភិបាលខេត្ត មន្ត្រី និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាបជាង ២៥០នាក់នោះថា សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ រួមនិងសមិទ្ធផលជាច្រើនទៀតក្នុងខេត្តសៀមរាប បានកើតចេញពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានថ្លែអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលជំរុញឱ្យគម្រោងនេះលេចចេញជារូបរាង។ លោកក៏បានស្នើសុំឱ្យប្រជាពលរដ្ឋដែលរស់នៅ និងអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវនោះ មានការអធ្យាស្រ័យខ្ពស់ ចំពោះការរំខាននានាក្នុងកំលុងពេលជួសជុល និងស្នើសុំឱ្យបងប្អូនចូលរួមយ៉ាងសកម្មដើម្បីឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅដោយរលូន និងបញ្ចប់តាមកាលកំណត់។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីជៀសវាងឱ្យផុតពីគ្រោះថ្នាក់នានា ដែលកើតឡើងពីការធ្វេសប្រហែសរបស់ខ្លួន និងផ្ទុកទំនិញមិនឱ្យលើសទម្ងន់កម្រិតដោយច្បាប់៕