(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា លោក Oh Nak Young (អូ ណាក់យ៉ង់) បានថ្លែងឲ្យដឹងថា កូរ៉េប្ដេជ្ញាចិត្ដយ៉ាងមុតមាំ ក្នុងការជួយលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា ឲ្យកាន់តែទំនើប ប្រកបដោយគុណភាពខ្ពស់ និងទំនើប ទៅលើសេវាព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក ។
ការថ្លែងបែបនេះ របស់លោក Oh Nak Young ក្នុងឱកាសបើកសិក្ខាសាលារួមគ្នា កម្ពុជា-កូរ៉េ លើកទី១ ស្ដីពីត្រចៀក ច្រមុះ បំពង់ក គម្រោងបង្កើនសមត្ថភាពមជ្ឈមណ្ឌលព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក ក្នុងមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសុខា។
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានថ្លែងបន្ដថា «វិស័យសុខាភិបាល ជាវិស័យមួយដ៏សំខាន់បំផុត ហើយយើងនឹងបន្ដជួយដល់កម្ពុជា បង្កើនទាំងសមត្ថភាពដល់ក្រុមគ្រូពេទ្យ តាមរយៈការបណ្ដុះបណ្ដាលដោយផ្ទាល់នៅប្រទេសកូរ៉េ និងអញ្ជើញគ្រូពេទ្យឯកទេស និងមានបទពិសោធន៍មកសហការជាមួយគ្រូពេទ្យនៅកម្ពុជា ដោយធ្វើយ៉ាងណា នឹងឲ្យអ្នកជំងឺពីបណ្ដាប្រទេស មកទទួលសេវានៅកម្ពុជា នេះជាគោលបំណងដ៏សំខាន់របស់យើង»។
លោក Oh Nak Young បានថ្លែងបន្ដថា «KOICA បាននឹងកំពុងតែអនុវត្ដគម្រោងលើកកម្ពស់បង្កើនសមត្ថភាព មជ្ឈមណ្ឌលព្យាបាលត្រចៀក ច្រមុះ បំពង់ក ក្នុងមន្ទីរពេទ្យព្រះអង្គឌួង ចាប់ពីឆ្នាំ២០១៨មក ដោយប្រើប្រាស់ថវិកា ៨លានដុល្លារ។ តាមរយៈគម្រោងនេះដែរ នឹងត្រូវអនុវត្ដរហូតដល់ឆ្នាំ២០២០ យើងគ្រោងនឹងធ្វើការសាងសង់មន្ទីរពេទ្យថ្មី កម្ពស់៥ជាន់ ដែលបំពាក់គ្រឿងបរិក្ខារថ្មីទំនើប សម្រាប់ព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង» ។
លើសពីនោះ រដ្ឋាភិបាលកូរ៉េ បាននឹងកំពុងអនុវត្ដ គោលនយោបាយទិសដៅតំបន់ខាងត្បូងថ្មី ដែលផ្ដោតជាសំខាន់លើ មនុស្ស វិបុលភាព និងសន្ដិភាព ដែលគម្រោងនេះ បានចាត់ទុកថា មនុស្សជាស្នូលក្នុងគម្រោង ដោយមានគោលបំណងកែលំអរ គុណភាពសេវាសុខភាពនៅកម្ពុជា តាមរយៈបណ្ដុះបណ្ដាលធនធានម នុស្សដ៏ឆ្នើម។
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរូបនេះ បានថ្លែងបន្ដថា ក្រៅពីគម្រោងបង្កើនសមត្ថភាពមជ្ឈមណ្ឌលព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក ក្នុងមន្ទីរពេទ្យព្រះអង្គឌួងនេះ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក៏កំពុងតែ ធ្វើការជំរុញអនុវត្ដគម្រោងជំនួយអភិវឌ្ឍផ្លូវការ លើវិស័យសុខាភិបាលជាច្រើន។ ជាក់ស្ដែង តាមរយៈគម្រោងផ្ដល់ជំនួយឥតសំណងរបស់ KOICA រដ្ឋាភិបាលកំពុងធ្វើការផ្ដល់ជំនួយ ដល់គម្រោងស្ទួយសេវា សុខភាពសម្រាប់មាតា និងទារកនៅតំបន់ដាច់ស្រយាលនៃភាគឦសាន ដែលជាតំបន់មិនសូវមានឱកាសទទួលបានសេវាសុខភាព ដូចជាខេត្ដរតនគីរី និងមណ្ឌលគីរីជាដើម។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដា្រចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្ដល់ជំនួយ ក្នុងការសាងសង់អគារថ្មីមួយទៀត និងបច្ចេកទេសសម្រាប់ជំងឺ ត្រចៀក ច្រមុះ បំពង់ក ក្នុងមន្ទីរពេទ្យព្រះអង្គឌួង តាមរយៈទីភ្នាក់ងារ KOICA និងមជ្ឈមណ្ឌលសាកលវិទ្យាល័យវេជ្ជសាស្ដ្រ Soonchunghyang ដែលជាជំនួយទី២ បន្ទាប់ពីអគារមជ្ឈមណ្ឌលចក្ខុរោគមិត្ដភាពកម្ពុជា-កូរ៉េ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៥កន្លងទៅ។ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធផងដែរ។
ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានថ្លែងបញ្ជាក់ដែរថា ការជួយរបស់ភាគីកូរ៉េនេះ គឺជាការលើកកម្ពស់ កម្រិតជំនាញរបស់វិស័យវេជ្ជសាស្ដ្ររបស់យើង ជាពិសេស ផ្នែក ត្រចៀក ច្រមុះ បំពង់ក ទៅកម្រិតមួយដែលទាន់និយាមអន្ដរជាតិ ក្រៅពីការបណ្ដុះបណ្ដាល គឺការសាងសង់ ដែលពង្រីកមន្ទីរពេទ្យព្រះអង្គឌួង ទៅជាមជ្ឈមណ្ឌលព្យាបាលជំងឺ ត្រចៀក ច្រមុះ បំពង់ក ក្នុងមន្ទីរពេទ្យព្រះអង្គឌួង មិនត្រឹមតែផ្ដល់សេវាជូនប្រជាពលរដ្ឋទេ គឺបណ្ដុះបណ្ដាលគ្រូពេទ្យយើងផង ផ្លាស់ប្ដូរបទពិសោធន៍ផង ជាមួយនឹងការប្រើប្រាស់ឧបករណ៍ទំនើបរបស់កូរ៉េ ក្រសួងសុខាភិបាល នឹងខិតខំគ្រប់ដណ្ដប់សេវាទាំងអស់ កាន់តែប្រសើរជូនប្រជាពលរដ្ឋរបស់យើង៕