(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ និងបង្រ្កាបការនាំចូលនូវសារធាតុញៀនខុសច្បាប់ តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះប្រារព្ធ ធ្វើនៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរងនៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក លន់ សុភាព អភិបាលរងខេត្តតំណាង លោក ថង សាវុន អភិបាលខេត្តរតនគិរី។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា ខេត្តគោលដៅដែលឧក្រឹដ្ឋជនគ្រឿងញៀន ប្រើប្រាស់សំរាប់ដឹកជញ្ជូនគ្រឿងញៀន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ព្រំដែនឡាវ (ចម្ប៉ាសាក់) ដើម្បីចូលមកកម្ពុជា បន្តទៅប្រទេសទី៣ ដោយមានខ្លោងធំៗ នៅតាមប្រទេសនីមួយៗ។
នាយឧត្តមសេនីយ៍បន្ថែមថា ដើម្បីឲ្យការងារផ្សព្វផ្សាយបង្ក្រាប ទប់ស្កាត់ការនាំចូល ប្រើប្រាស់នូវសារធាតុញៀន ទទួលបានប្រសិទ្ធភាពខ្ពស់ សុំឲ្យគណៈកម្មាធិការ ក៏ដូចលេខាធិការដ្ឋានបង្ក្រាបគ្រឿងញៀន ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធ ជាពិសេសការរៀបចំឲ្យមានជនបង្គោល គ្រប់ថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និងទីសាធារណនានា ក្នុងផ្តល់និងទទួលព័ត៌មាន ពីសកម្មភាពបទល្មើសគ្រឿងញៀន។ លើសពីនេះទៀត ត្រូវសហការជាមួយមន្ទីរទេចរណ៍ រៀបចំកិច្ចសន្យា ឬខិតប័ណ្ណអប់រំនានា នៅតាមមណ្ឌលកំសាន្តនានា។
នាយឧត្តមសេនីយ៍អគ្គស្នងការរង បានបញ្ជាក់ពីអនុសាសន៍ ដឹកនាំទាំង០៤ចំនុច របស់សម្តេចក្រឡាហោម រួមមាន៖
ទី១- បញ្ចប់ទាំងស្រុងនៅដំណាច់ឆ្នាំ២០១៩ រាល់បទល្មើសគ្រឿងញៀន តាមបណ្តាក្លឹបកម្សាន្តសប្បាយនានា
ទី២- ត្រូវរឹបអូសបន្តឹងការត្រួតពិនិត្យដើម្បីទប់ស្កាត់បង្ក្រាបលំហូរគ្រឿងញៀន ចូលមកកម្ពុជា នាទិសឥសានតាមព្រំដែនកម្ពុជា- ឡាវ
ទី៣- ខិតខំស្រាវជ្រាវបង្ក្រាបរាល់ទីតាំងលួចលាក់ កែច្នៃគ្រឿងញៀន
និងទី៤- មិនត្រូវការពារមិនត្រូវពាក់ព័ន្ធមិនត្រូវអត់អោន ឬអន្តរាគមន៍ចំពោះរាល់បទល្មើសគ្រឿងញៀន៕