(កំពង់ចាម)៖ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ បានជំរុញឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ លើការងារបង្កបង្កើនផល (ចិញ្ចឹមសត្វ ត្រី និងដាំដំណាំរួមផ្សំ) ដើម្បីទទួលបានកំណើន និងធានាសុវត្ថិភាពស្បៀងក្នុងគ្រួសារ។
ការស្នើបែបនេះបានធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន អញ្ជើញចុះមកតាមដាន ការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ប្រមាណ ២០០នាក់ ក្នុងបរិវេណវត្តស្តើងជ័យ ក្នុងភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។
ក្នុងឱកាសនោះ លោក វេង សាខុន ក៏បានជម្រាបជូនបងប្អូន អំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ជាបន្តបន្ទាប់ដោយចាប់ផ្តើមតាំងពីក្រោយថ្ងៃរំដោះ ៧មករា ប្រទេសជាតិត្រូវបានបំផ្លាញ ស្ទើរតែទាំងស្រុង ដោយសារសង្គ្រាមស៊ីវិលរាំរ៉ៃ ក្រីក្រ អសន្តិសុខស្បៀង អស្ថិរភាពសង្គម -ល-។
លោកថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការ វិវឌ្ឍន៍រីកចម្រើនជាបណ្តើរៗ សមស្របតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងសេចក្តីត្រូវ ការចាំបាច់នៃហេដ្ឋារចនាគាំទ្រសំខាន់ៗសម្រាប់បម្រើឲ្យវិស័យសេដ្ឋកិច្ច និងជាពិសេសកំណើននៃកម្រិតជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ដោយយល់ឃើញពីសេចក្តី ត្រូវការនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រគ្រប់បែបយ៉ាង សម្រាប់ធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មនាពេលអនាគត រាជរដ្ឋាភិបាលបានរិះរកគ្រប់មធ្យោបាយកសាង និងអភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងកម្មវិធីអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ ការកសាងស្ពាន គមនាគមន៍ កំពង់ផែរទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិ -ល-។
លោក វេង សាខុន បានបន្ថែមទៀតថា ផែនការអភិវឌ្ឍទាំងអស់នេះ គឺដើម្បីគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ គឺប្រែក្លាយប្រទេសមួយនេះឲ្យមានចំណូលមធ្យមកម្រិតខ្ពស់ និងកម្រិតខ្ពស់នាឆ្នាំ២០៥០ ឲ្យសម្រេចបានជោគជ័យ។ ដូច្នេះ ដើម្បីឈានទៅសម្រេចចក្ខុវិស័យនេះ លោកបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗ រូបត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឲ្យ បានគង់វង្សនូវសមិទ្ធផល ដ៏មានតម្លៃរបស់ជាតិយើងគឺសុខសន្តិភាព ស្ថិរភាព ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំនាវាកម្ពុជាឲ្យទទួលបានការអភិវឌ្ឍថ្មីៗបន្ថែមទៀត។
ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាកើកាលទី៤ ឲ្យទទួលបានជោគជ័យ លោករដ្ឋមន្ដ្រី ក៏បានផ្តាំផ្ញើសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ និងភូមិឲ្យបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសប្រសាសន៍ណែនាំរបស់សម្តេច តេជោ ហ៊ុន សែន៕