(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានក្រើនរំលឹក និងណែនាំដល់មន្ដ្រីនគរបាលអន្ដោប្រវេសន៍ទាំងអស់ ពិសេសនៅតាមច្រកទ្វារអន្ដរជាតិសំខាន់ៗ ត្រូវតែរក្សាឥរិយាបថល្អ ចំពោះភ្ញៀវទេសចរ និងម៉ឺងម៉ាត់ចំពោះការងារដែលខ្លួនទទួលខុសត្រូវ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៩ សណន របស់ក្រសួងមហាផ្ទៃស្តីពី ការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា មន្ដ្រីនគរបាលអន្ដោប្រវេសន៍នៅតាមច្រកទ្វារអន្ដរជាតិ គឺជាអ្នកជួបភ្ញៀវបរទេសមុនគេ ដូច្នេះឥរិយាបថជារឿងសំខាន់ ដែលត្រូវធ្វើឲ្យបានល្អ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ទៀតថា មន្ដ្រីនគរបាលទាំងអស់ ត្រូវតែស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ជៀសវាងការស្លៀកពាក់មិនគ្រប់លក្ខណៈស្ដង់ដារដែលបានកំណត់ ជាហេតុធ្វើឲ្យមហាជន ឬក៏ភ្ញៀវបរទេសវាយតម្លៃមិនល្អ សម្រាប់មន្ដ្រីនគរបាលអន្ដោប្រវេសន៍របស់កម្ពុជា ជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ជាតិ។
អគ្គនាយករូបនេះ បានថ្លែងយ៉ាងដូច្នេះថា «មន្ដ្រីនគរបាលនៅតាមច្រកទ្វារទាំងអស់ ត្រូវយកចិត្តទុកដាក់លើឯកសណ្ឋាន និងឥរិយាបថបំពេញការងារ របស់យើង។ តាមពិតបងប្អូនល្អច្រើន ប៉ុន្ដែក៏មានមួយចំនួនមានឥរិយាបថឆេវឆាវ ដែលនេះជារឿងមិនល្អទេ សម្រាប់កិត្តិយសខ្លួនយើង និងកិត្តិយសរបស់ជាតិយើង»។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានសង្កត់ធ្ងន់ថា មន្ដ្រីនគរបាលអន្ដោប្រវេសន៍ទាំងអស់ ត្រូវផ្ដល់សេវាដោយស្នាមញញឹម និងយកចិត្តទុកដាក់ ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួនដែលថ្នាក់ដឹកនាំប្រគល់ជូន។
គួរជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ បានចេញសេចក្ដីណែនាំ ស្ដីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌ មន្ដ្រីនគរបាលជាតិ, ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ។
តាមសេចក្ដីណែនាំដែលអង្គភាពព័ត៌មាន Fresh News ទទួលបានសម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សេចក្ដីណែនាំនេះធ្វើឡើង ដើម្បីលើកកម្ពស់ក្នុងការអនុវត្ត តួនាទីភារកិច្ច ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការថែរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ និងសុវត្ថិភាពសង្គមបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ៕