(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថា GMAC ដែលតំណាងរោងចក្រជាង១០០ និងកម្មករ និយោជិត៧៥ម៉ឺននាក់ បានជំរុញឲ្យសហភាពអឺរ៉ុប បន្តរក្សាកម្មវិធីអនុគ្រោះពន្ធ លើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA) ដល់កម្ពុជា ខណៈដែលសេចក្តីសម្រេចលើបញ្ហានេះ នឹងត្រូវប្រកាសនៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ។
សេចក្តីប្រកាសព័ត៌មានរបស់ GMAC ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែសីហានេះ បានបង្ហាញនូវក្តីបារម្ភចំពោះការបាត់បង់ EBA នេះ នៅគ្រាដែលប្រទេសកម្ពុជា បាននិងកំពុងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីទីផ្សារអឺរ៉ុប។
GMAC សង្កត់ធ្ងន់ប្រសិនសហគមអឺរ៉ុបព្យួរអត្ថប្រយោជន៍ EBA នោះនឹងមិនបម្រើដល់គោលបំណងលុបបាត់ភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃកម្មវិធី EBA នោះទេ។ វានឹងជាលទ្ធផលក្រៀមក្រំ និងគួរឲ្យសោកស្តាយ សម្រាប់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងកម្លាំងការងារ ដែលធ្វើការងារយ៉ាងច្រើន ក្នុងការសហការជាមួយអង្គការ ILO។
ជាមួយគ្នានេះ GMAC បានកត់សម្គាល់ថា «គ្មានប្រទេសណាក្នុងចំណោមប្រទេសដែលទទួលបានអត្ថបយោជន៍ពីលទ្ធភាពអនុគ្រោះពន្ធ ទៅទីផ្សារសហភាពអឺរ៉ុប មានប្រវត្តិតម្លាភាព និងសហប្រតិបត្តិការវិជ្ជមាន ស៊ីគ្នាជាមួយអង្គការ ILO ជាងប្រទេសកម្ពុជានោះទេ»។
ពាក់ព័ន្ធនឹងបញ្ហា EBA នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតធ្លាប់បានប្រកាសកុំឲ្យប្រជាពលរដ្ឋ និងកម្មករ និយោជិតកុំព្រួយបារម្ភចំពោះបញ្ហានេះ។
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ការសម្រេចចិត្តអឺរ៉ុបនេះជារឿងភាពអយុត្តិធម៌បំផុត។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដាក់ចេញនូវយន្តការផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុប របស់ក្រសួងមហាផ្ទៃ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កម្ពុជាមិនស្លាប់ដោយសារតែអត់ភាពអនុគ្រោះពន្ធ EBA ហើយក៏មិនអាចធ្វើអ្នកមាន ដោយសារតែភាពអនុគ្រោះ EBA នោះដែរ»។
សូមបញ្ជាក់ថា សហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការ នូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។
កម្ពុជាមានរយៈពេល៦ខែ ក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗ ពន្យល់ទៅគណៈកម្មការអឺរ៉ុប។ប្រសិនបើគណៈកម្មការអឺរ៉ុប មិនទទួលយកការពន្យល់ របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន។ ពោលទំនិញរបស់កម្ពុជានៅតែបន្ត នាំចូលទៅកាន់សហភាពអឺរ៉ុប ដោយមិនជាប់ពន្ធរយៈពេលជាង១ឆ្នាំទៀត មុននឹងមានការសម្រេចជាថ្មី៕