(ភ្នំពេញ)៖ ព្រឹកមិញ ពេលខ្ញុំឃើញសាររបស់លោក សម រង្ស៊ី ខ្ញុំយល់ថាទំនងជាគាត់ ទើបតែដេកយល់សប្តិឃើញព្រលឹងដូនតា ឬបារមីស័ក្តិសិទ្ធិណាមួយចង្អុលមុខ ហើយទើបបានជាថ្ងៃទី ១៥ សីហានេះគាត់នឹកឃើញបង្ហោះ សារបែបទំនួញទឹកភ្នែកក្រពើរបស់ខ្លួនតាម ហ្វេសប៊ុកដោយធ្វើជាសម្តែងការសោកស្តាយ ពីព្រោះមិនបានជួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
សាររបស់លោក សម រង្ស៊ី នេះ គឺបានស្តែងចេញឲ្យឃើញយ៉ាងច្បាស់អំពីធាតុពិតរបស់គាត់ដូចខាងក្រោម៖
ទី១៖ គឺជាសារដែលមិន បានកើតចេញពីទឹកចិត្តរបស់ខ្លួនឯងនោះឡើយពីព្រោះនេះមិនមែនជា លើកទី១ទេដែលប្រជាពលរដ្ឋខ្មែរទទួលរងគ្រោះដោយគ្រោះ
ធម្មជាតិក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុក្នុងពិភពលោក។ ប៉ុន្តែគេពិតជាមិនដែលបានឃើញ សម រង្ស៊ី ឬតំណាងរបស់ សម រង្ស៊ី ចុះជួយសង្គ្រោះប្រជាពលរដ្ឋ ដូចឈ្មោះគណបក្សដែលគាត់បានដាក់នោះឡើយ។ រាល់ពេលមានបញ្ហានិងការលំបាកម្តងៗ ទាំងពេលកន្លងទៅក៏ដូចជា បច្ចុប្បន្នគេឃើញតែ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងអាជ្ញាធរ រដ្ឋាភិបាល ឬកាកបាទក្រហមកម្ពុជា ហើយនឹងសប្បុរសជននានាប៉ុណ្ណោះ ដែលតែងតែមានវត្តមានពេលប្រជាពលរដ្ឋមានទុក្ខលំបាក។
ចំណែកឯលោក សម រង្ស៊ី និងគូកនគាត់វិញ គ្មានដែលបានឃើញមុខហើយក៏គ្មានគិតអ្វីក្រៅតែពីសម្ងំសុខ ហើយឆ្គិះឆ្គៀល ចាក់រុក អុជអាល និងចាំតែស្តីបន្ទោស ឌៀមដាមតែប៉ុណ្ណោះ។ ដូច្នេះសារដ៏កម្ររបស់ សម រង្ស៊ី នៅពេលនេះប្រហែលជាបានមកពីការចង្អុលមុខពីព្រលឹងដូនតា និងពីវត្ថុស័ក្តិសិទ្ធប្រាកដណាស់។
ទី២៖ គឺជាសារយឺតហួសពេលទៅហើយ ឬបើនិយាយបែបសាមញ្ញ គឺជាសារផ្អូម ពីព្រោះពេលនេះជំនន់ទឹកភ្លៀងបានស្រកចុះវិញហើយៗអាជ្ញាធរ ដែនដីនិងមន្ត្រីរដ្ឋាភិបាលក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងការលិចលង់ ដោយនាំពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព និងបានចែកអំណោយសង្គ្រោះបន្ទាន់គ្រប់បែបយ៉ាងដល់ពលរដ្ឋរងគ្រោះរួចរាល់ហើយដែរ។ ម៉្យាងវីញទៀត ពេលនេះអាជ្ញាធរដែនដីក៏ដូចជា សមត្ថកិច្ចជំនាញគ្រប់ផ្នែកដែលជាសេនាធិការរបស់រដ្ឋាភិបាលក៏កំពុងតែមមាញឹកក្នុងការជួសជុលឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរងការ បំផ្លាញដោយគ្រោះធម្មជាតិទឹកជំនន់ក៏ដូចជា បន្តតាមដានមើលការខុសត្រូវពលរដ្ឋរងគ្រោះបាន យ៉ាងល្អរហូតដល់ទឹកជំនន់ស្រកចុះជាស្ថាពរ។ បើនិយាយឲ្យចំពេលនេះ ដំណាក់កាលសង្គ្រោះបន្ទាន់បានកន្លងផុតទៅហើយគេទើបតែឃើញលោក សម រង្ស៊ី ភ្ញាក់ពីដេកមកចេញសារទំនួញទឹកភ្នែកក្រពើដែលជាសារយឺតពេល និងពោរពេញដោយពុតត្បុត។
ទី៣៖ នេះមិនមែនជាសាររម្លែកទុក្ខទេ តែជាសារចំអកឡកឡឺយចំពោះពលរដ្ឋខ្មែរដែលរងគ្រោះទៅវិញទេពីព្រោះ ប្រសិនបើ សម រង្ស៊ី ពិតជាមានចេតនាចង់ជួយ ពួកគេមែន វត្តមានរបស់គាត់មិនសំខាន់ឡើយ គឺគាត់អាចចាត់បញ្ជូនតំណាងនៅក្នុងប្រទេសឲ្យចុះជួយ ឬនាំអំណោយមកចែកជូនពលរដ្ឋក៏បានដែរ។ ប៉ុន្តែ សម រង្ស៊ី ដែលកើតនិង រស់នៅក្នុងត្រកូលអភិជន ហើយមិនដែលស្គាល់អ្វីទៅជាការលំបាកវេទនានោះ មិនដែលបាននឹកភ្នក រឺនឹកឃើញចង់ជួយពលរដ្ឋរបស់ខ្លួនដោយ សុទ្ធចិត្តម្តងណាឡើយ។ មនុស្សជំនិតៗ របស់គាត់តែងតែធ្លោយមាត់ និយាយថា «លុយដែលសម រង្ស៊ី ប្រមូលបានពីខ្មែរនៅក្រៅ ប្រទេសយ៉ាងច្រើនសន្ធឹកនោះគឺគាត់ទុកសម្រាប់តែបម្រើប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្សពួកនិងគ្រួសារគាត់តែប៉ុណ្ណោះ ដូចជា ទិញសំបុត្រយន្តហោះដើរពីប្រទេសមួយទៅមួយ ចាយលើការដើរកម្សាន្តជិះស្គីទឹកកកស្នាក់នៅសណ្ឋាគារប្រណីត និងបរិភោគអាហារឆ្ងាញ់ៗជាដើម ដោយមិនដែលបានចែក រម្លែកដល់ពលរដ្ឋដែលរងគ្រោះដោយបញ្ហាធម្មជាតិ ឬដោយប្រការផ្សេងៗ ទៀតឡើយ»។
ទី៤៖ សាររបស់លោកសម រង្ស៊ី នេះក៏បានបង្ហាញពី ចរិតមួលបង្កាច់ និងទម្លាក់កំហុសដោយអសុទ្ធចិត្តរបស់គាត់ដោយគ្មានប្រែប្រួលឡើយ។ នរណាក៏ដឹងដែរថា ពិភពលោក ទាំងមូលកំពុងទទួលរងគ្រោះដោយសារការ ប្រែប្រួលអាកាសធាតុ។ ទឹកជំនន់ គ្រោះរាំងស្ងួត ឬការឡើងកម្តៅ ។ល។ ដែលមិនធ្លាប់មានពីមុន បានកើតឡើងនៅគ្រប់ទិសទី រាប់ទាំងក្នុងបណ្តាប្រទេសជឿនលឿនដូចជា សហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិចជាដើម។ ទឹកជំនន់ ខ្យល់ព្យុះកាចសាហាវ រលកកម្តៅបានកើតឡើងក្នុងប្រទេសជាច្រើនក្នុងពិភពលោក ជាពិសេសឆ្នាំនេះគឺនៅប្រទេសបារាំងដែលខ្លួន គាត់កំពុងរស់នៅ។
តាមពិតកម្ពុជាចាត់ទុកថា សំណាងជាងគេហើយ ដែលគ្រោះធម្មជាតិធំៗកាចសាហាវមិនដែលកើតមាន។ ប៉ុន្តែដោយសារចរិតមួលបង្កាច់ចាំតែ បន្ទោសនិងទម្លាក់កំហុសបានដិតដាមជ្រៅពេកក្នុងខួរក្បាល លោក សម រង្ស៊ី ក៏បានបង្វែរគ្រោះធម្មជាតិទឹកជំនន់ទៅជាកំហុសរបស់រដ្ឋាភិបាលទៅវិញ។ ប៉ុន្តែខ្ញុំយល់ថា សារបោកប្រាស់រឿងបែបនេះ បច្ចុប្បន្នដែលជាយុគ្គសម័យព័ត៌មានតាមអាំងទែរណែតយើងនេះ គឺពិតជាមិនអាចបោកប្រាស់គេបន្តទៀតបានឡើយ។
សរុបមកវិញខ្ញុំយល់ថា លោក សម រង្ស៊ី មិនត្រឹមតែមិនបានជួយអ្វីដល់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចេញសារចំអកឡកឡឺយ ដល់ជនរងគ្រោះដោយសារទឹកជំនន់ថែមទៀត ដោយពុតធ្វើជាសម្រក់ទឹកភ្នែកក្រពើចំពោះមុខប្រជាពលរដ្ឋខ្មែររងគ្រោះដោយទឹកជំនន់។
ក្នុងមួយជីវិតរបស់ខ្លួន លោក សម រង្ស៊ី មានជំនាញខាងដើរចាក់រុកឲ្យបរទេសដាក់ទណ្ឌកម្មលើកម្ពុជា កុំទិញទំនិញពីកម្ពុជា និងឈប់ផ្តល់ជំនួយដល់កម្ពុជាតែប៉ុណ្ណោះ។ ហើយវាបានក្លាយជា មេសូត្ររត់មាត់របស់ សម រង្ស៊ី និងក្រុមរបស់គាត់ ទោះជាគាត់ដឹងថា អំពើរបស់គាត់បង្កផលវិបាក និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកម្មករ និងកសិករមុនគេក៏ដោយក៏ សម រង្ស៊ី មិនដែលខ្វាយខ្វល់ឡើយ។ មិនត្រឹមតែពលរដ្ឋខ្មែរទេ ដែលឈឺចាប់នឹងទង្វើរបស់ សម រង្ស៊ី សូម្បីព្រលឹងដូនតា និងបុព្វបុរសអ្នកតាមថែរក្សាព្រះរាជាណាចក្រកម្ពុជាក៏ឈឺចាប់នឹងទង្វើបែបនេះដែរ។
ដូច្នេះទំនួញទឹកភ្នែកក្រពើរបស់ សម រង្ស៊ី មិនបានបិទបាំងភាពរមិលគុណរបស់ខ្លួនចំពោះប្រទេសជាតិបានឡើយ។ ផ្ទុយទៅវិញ វាជាអំពើដែលអាចទាញសម រង្ស៊ី ឲ្យធ្លាក់ក្នុងជ្រោះអវិចីកាន់តែឆាប់ថែមទៀត៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ