(ត្បូងឃ្មុំ)៖ ថ្លែងក្នុងសិក្ខាសាលាស្តីពី ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាពហុវិស័យរបស់គណៈកម្មាធិការប្រយុទ្ធ នឹងជងឺអេដស៍ ខេត្តត្បូងឃ្មុំ ឆមាសទី២ ឆ្នាំ២០១៩ នៅរសៀលថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៩ ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងបញ្ជាក់ថា រឿងជំងឺអេដស៍ យើងមិនអាចនៅស្ងៀម និងព្រងើយកន្តើយបានឡើយ ព្រោះវាអាចងើបរីករាលដាលឡើងវិញ បើមិនចូលរួមទប់ស្កាត់ទាំងអស់គ្នា។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ឲ្យអាជ្ញាធរ អង្គការដៃគូពាក់ព័ន្ធ គ្រឹះស្ថានសប្បាយ និងប្រជាពលរដ្ឋទាំងអស់ ចាំបាច់រួមហការគ្នាក្នុងការបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺអេដស៍ ទើបការងារនេះទទួលបានជោគជ័យ។
សមាជិកចូលរួមនៅក្នុងសិក្ខាសាលារួមមាន ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត តំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត តំណាងអង្គការសង្គមស៊ីវិល (AHF MHC & KWWA) អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធជាង៥០នាក់។
សិក្ខាសាលានេះធ្វើឡើងដើម្បីពិនិត្យ មើលវឌ្ឍនភាព និងសិក្សាស្វែងយល់អំពីស្ថានភាព ប្រយុទ្ធនឹងជំងឺអេដស៍ ជាពហុវិស័យ នៅថ្នាក់ក្រោមជាតិ តាមរយៈការដាក់បញ្ចូលការងារប្រយុទ្ធនឹង ជំងឺអេដស៍ក្នុងគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ឈានឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។
បន្ទាប់ពីសុន្ទរកថា ស្វាគមន៍របស់លោកអភិបាលរងខេត្តមក លោកទេសរដ្ឋមន្ត្រីបានថ្លែងថា យើងធ្វើការព្យាបាល និងថែទាំអ្នកជំងឺអេដស៍តាមប្រព័ន្ធសុខាភិបាល។ តែជំងឺអេដស៍ត្រូវធ្វើការ ជាពហុវិស័យ ក្នុងការបង្ការ និងទប់ស្កាត់ការមាក់ងាយរើសអើង។ តាមប្រសាសន៍សម្តេចតេជោការងារអេដស៍ យើងធ្វើរង្គើពីសក់ក្បាលដល់ចុងជើង។ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលចូលរួមធ្វើការទាំងអស់ គ្នា។ ការងារប្រយុទ្ធនឹងជំងឺអេដស៍ជាពហុវិស័យកម្ពុជា យើងធ្វើបានជោគជ័យ។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ជួយក្រសួងសុខាភិបាលធ្វើការរួមគ្នា។ នៅតាមបណ្តាខេត្ត ដូចជាមន្ទីរទេសចរណ៍ពេលចុះទៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តសប្បាយ កុំភ្លេចរំឭកបុគ្គលិកនៅតាមទីតាំងនោះឱ្យបង្ការកុំឱ្យឆ្លងមេរោគអេដស៍ផង។
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អាចជួយក្នុងការផ្សព្វផ្សាយច្បាប់កុំឱ្យមានការរើសអើងនឹងអ្នកជំងឺអេដស៍។ ការមិនរើសអើងនឹងអ្នកជំងឺអេដស៍គឺត្រូវធ្វើទាំងអស់គ្នា។ យើងត្រូវនាំគ្នាអប់រំឱ្យប្រជាជនចេះការពារខ្លួន។ បើសង្ស័យថា អាចឆ្លងត្រូវទៅធ្វើតេស្តឈាម និងត្រូវប្រើស្រោម អនាម័យដើម្បីការពារខ្លួន។ អ្នកជំងឺអេដស៍មិនដូចជំងឺដទៃទេ ពួកគាត់ខ្មាស់គេ មិនខ្លាចស្លាប់ និងមិនព្យាយាមទៅទទួលសេវាព្យាបាលទេ។
បន្ទាប់មក លោកប្រធានមន្ទីរបានសង្ខេបអំពីការងារ ប្រយុទ្ធនឹងជំងឺអេដស៍ក្នុងខេត្ត ហើយតំណាងមន្ទីរសុខាភិបាល និងតំណាងអង្គការ AHF ឡើងធ្វើបទបង្ហាញអំពីការប្រយុទ្ធ នឹងជំងឺអេដស៍នៅខេត្តត្បូងឃ្មុំ។ ជាមួយនោះ លោក ទា ផលា អនុប្រធានអាជ្ញាធរបានសួរបញ្ជាក់អំពីតួលេខនៃចំនួនកន្លែង និងនារីបម្រើសេវាកម្សាន្ត ការអប់រំផ្សព្វផ្សាយ ព្រមទាំងការធ្វើតេស្តឈាម រកមេរោគអេដស៍ផងដែរ។ លោកអនុប្រធានក៏បានបង្ហាញអំពីនិន្នាការរួមភេទ និងការប្រើប្រាស់កម្មវិធីទូរស័ព្ទ របស់ក្រុមបុរសស្រឡាញ់បុរស ដែលនាំឱ្យមានការកើនឡើងអត្រាឆ្លងថ្មីគួរឱ្យព្រួយបារម្ភ។
លោកទេសរដ្ឋមន្ត្រីបានថ្លែងបន្តថា សព្វថ្ងៃការងារអេដស៍ជារួមយើងជោគជ័យ យើងបានសម្រេចគោលដៅ ៩០-៩០-៩០ នៅឆ្នាំ២០១៧។ យើងសង្ស័យថា អ្នកជំងឺអេដស៍មាប្រមាណជាង ៧ម៉ឺននាក់។ ក្នុងនោះអ្នកមកទទួលការព្យាបាលបានជាង៦ម៉ឺននាក់ គឺប៉ាន់ ប្រមាណថាបាត់ចំនួនជាង១ម៉ឺននាក់។ លោកទេសរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា រឿងជំងឺអេដស៍យើងមិនអាចនៅស្ងៀមព្រងើយកន្តើយបានទេ ព្រោះអាចងើបឡើងវិញ។ យើងព្រួយបារម្ភថាការឆ្លងកំពុងកើនឡើងក្នុង ចំណោមបុរសស្រឡាញ់បុរស។
នៅទីបញ្ចប់លោកទេសរដ្ឋមន្ត្រីបានណែនាំថា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ជាពហុវិស័យយើងអាចរួមគ្នាជួយដោយ៖
១) គ្រប់ក្រសួងធ្វើតាមតួនាទីរៀងៗខ្លួន ដោយជួយអប់រំឱ្យចេះការពារខ្លួន និងបង្ការការរីករាលដាលជំងឺអេដស៍។
២) នៅពេលធ្វើតេស្តឃើញថា មានការឆ្លងថ្មី សូមធ្វើការសិក្សាពីប្រវត្តិរបស់អ្នកជំងឺផង ដើម្បីដឹងថាគាត់ជាអ្នកទើបឆ្លងថ្មី ឬជាអ្នកដែលឆ្លងយូរហើយ។
៣) យើងកំពុងស្នើសុំឱ្យមណ្ឌលសុខភាព អាចយកថវិកាមកចាយក្នុងការងារអេដស៍បាន។
៤) យើងក៏នឹងទម្លាក់ការងារអេដស៍មកថ្នាក់ក្រោមជាតិ ឱ្យដល់ឃុំសង្កាត់ ដោយដាក់បញ្ចូលទៅក្នុងគោលនយោបាយភូមិឃុំ មានសុវត្ថិភាពផងដែរ៕