(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងទទូចដល់ប្រជាពលរដ្ឋ ឲ្យរួមគ្នាជួយថែរក្សាអនាម័យទីក្រុង ដើម្បីរក្សាតំណែងរំដួល ៣ទង ជាចំណាត់ថ្នាក់របស់ខេត្តកំពង់ចាម ដែលបានទទួលនាពេលកន្លងមក។
លោក អ៊ុន ចាន់ដា បានលើកឡើងដូច្នេះនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីដាំដើមក្ងោកប្រមាណ ៣០០ដើម នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានបន្តថា ប្រជាពលរដ្ឋត្រូវរួមគ្នាជាមួយនឹងអាជ្ញាធរ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដូចជា ការធ្វើដំណើរ អំពើចោរកម្ម ឬបទល្មើសគ្រឿងញៀន ជាដើម ពោល ថ្វីដ្បិតតែការងារនេះ ជាភារកិច្ចរបស់សមត្ថកិច្ច ក៏ប៉ុន្តែបើគ្មានប្រជាពល រដ្ឋចូលរួមទេ ក៏មិនអាចទទួលបានជោគជ័យដែរ។
ជាមួយគ្នានេះ បញ្ហាអនាម័យ ប្រជាពលរដ្ឋ ត្រូវតែចូលរួមសំអាតផ្ទះសំបែង និងជួយសម្អាតតាមរមណីយដ្ឋាន ឬតាមផ្លូវសាធារណៈ ឲ្យបានល្អប្រសើរ បើមិនដូច្នោះទេ អាចនឹងធ្វើឱ្យមានបរិស្ថានមិន ល្អ បង្កឲ្យប៉ះពាល់ដល់សុខភាព និងបង្កឲ្យខូចសោភ័ណភាពទីក្រុងរបស់យើងផងដែរ។ នេះជាការបញ្ជាក់ប ន្ថែមពីលោក អ៊ុន ចាន់ដា។
តាមលោកអភិបាលខេត្ត អាជ្ញាធរបាន និងកំពុងខិតខំរៀបចំប្រព័ន្ធលូ នៅតាមដងផ្លូវនានាក្នុងក្រុងកំពង់ចាម ដើម្បីរំដោះទឹកកខ្វក់ចេញពីទីក្រុង ជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពល រដ្ឋឲ្យមានភាពសុខសាន្ត និងប្រកបដោយផាសុខភាពផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធសោភ័ណ ភាពទីក្រុងឲ្យបានស្រស់ស្អាត វាអាស្រ័យទៅលើការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងសំខាន់។ ក្នុងនោះ យើងត្រូវការប្រើពេលវេលា និងការភ្ញាក់រលឹករបស់ប្រជាពលរដ្ឋ ផ្លាស់ប្ដូរឥរិយាបថ អនុវត្តកិច្ចការ ឲ្យស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ថា ពិធីដាំដើមក្ងោកនេះ អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីរដ្ឋបាលព្រៃឈើ បានរៀបចំកូនដើមក្ងោកប្រមាណជិត ៣០០ដើម ដែលត្រូវដាក់ដាំចាប់ពីរង្វង់មូលនាងគង្ហីង រហូតដល់ស្ពានព្រែកជីក ក្នុងសង្កាត់សំបូរមាស ក្រុងកំពង់ចាម៕